ក្រុមហ៊ុន Swire Coca-Cola ទិញយកក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡានៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រុមហ៊ុន Swire Coca-Cola Limited ជាបុត្រសម្ព័ន្ធនៅក្រោមការគ្រប់គ្រងកាន់កាប់ទាំងស្រុងរបស់ក្រុមហ៊ុន Swire Pacific Limited បានប្រកាសនៅថ្ងៃនេះ អំពីការបញ្ចប់បែបបទនីតិវិធីជាស្ថាពរក្នុងការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធកូកា-កូឡា ដែលផលិតនិងចែកចាយនៅកម្ពុជា។

Swire Coca-Cola នឹងទទួលកាន់កាប់សិទ្ធិជាម្ចាស់ក្រុមហ៊ុន Cambodia Beverage Company Ltd. និងចាប់ផ្តើមដឹកនាំអាជីវកម្មពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន Swire Coca-Cola ឱ្យដឹងថាការទិញយកក្រុមហ៊ុននេះ ជាការបោះជំហានដំបូងរបស់ក្រុមហ៊ុនខ្លួន ចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកអាជីវកម្មក្នុងតំបន់ថ្មីមួយទៀត។ ការបញ្ចប់ការទិញលក់ជាស្ថាពរនេះ ក៏ឆ្លុះបញ្ចាំងនូវចក្ខុវិស័យក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន Swire Coca-Cola ចូលក្នុងតំបន់ដែលពោរពេញទៅដោយភាពរីកចម្រើន និងសក្តានុពល។ ស្របពេលជាមួយគ្នានេះ បុគ្គលិកជាង ៩០០នាក់ ទទួលបានការស្វាគមន៍ចូលជាសមាជិកក្រុមការងាររបស់ក្រុមហ៊ុនSwire Coca-Cola។

លោក Patrick Healy ប្រធានក្រុមហ៊ុន Swire Coca-Cola បានមានប្រសាសន៍ថា ការបញ្ចប់កិច្ចព្រមព្រៀងទិញលក់ជាស្ថាពរនៅកម្ពុជា គឺជាការបោះជំហានដ៏ធំដំបូងបំផុត សម្រាប់ក្រុមហ៊ុន Swire Coca-Cola ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃធ្វើការជាមួយនឹងក្រុមការងារថ្មី ហើយក៏មានក្តីរំភើបចំពោះសន្ទុះនៃភាពរីកចម្រើននៃទីផ្សារភេសជ្ជៈនៅកម្ពុជា។ យើងមានភាពជឿជាក់ជាវិជ្ជមាន ចំពោះសក្តានុពល និងការរីកចម្រើនរបស់ក្រុមហ៊ុន Swire Coca-Cola នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Karen So អគ្គនាយកក្រុមហ៊ុន Swire Coca-Cola បានលើកឡើងថា តាមរយៈបទពិសោធន៍របស់យើងលើផ្នែកពាណិជ្ជកម្ម ទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបម្រើអតិថិជន និងបច្ចេកវិទ្យាឌីជីថលនៅក្នុងតំបន់ផ្សេងៗដែលយើងកំពុងធ្វើអាជីវកម្ម បូករួមជាមួយសមត្ថភាពជំនាញរបស់ក្រុមការងារនៅកម្ពុជាផ្ទាល់ យើងនឹងបន្តផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន និងអ្នកញ៉ាំនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពជាវិជ្ជមានក្នុងសហគមន៍មួយនេះ។

លោកស្រី Claudia Lorenzo ប្រធានក្រុមហ៊ុនកូកា-កូឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិកខាងត្បូងក៏បានឱ្យដឹងដែរថា ក្រុមហ៊ុន Swire Coca-Cola ជាក្រុមហ៊ុនផលិតនិងចែកចាយយុទ្ធសាស្ត្រមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនកូកា-កូឡា ហើយក្រុមហ៊ុននេះដែរមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចិន និងផ្នែកខ្លះនៃភាគខាងលិចសហរដ្ឋអាមេរិក។  យើងមានជំនឿចិត្តថា ក្រុមហ៊ុន Swire Coca-Cola មានឆន្ទៈ និងសមត្ថភាពក្នុងការពន្លឿនភាពរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here