អតិផរណាកម្ពុជាបានធ្លាក់ចុះមកត្រឹម៤,៩% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ បានធ្លាក់ចុះមកអត្រា៤,៩% ​វិញ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ​ដែលមានអត្រា៧,៤%។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

របាយការណ៍នេះបានបង្ហាញថា អត្រាអតិផរណា​ក្នុងត្រីមាសទី៣ធ្លាក់ចុះនេះ ​​ស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ​នេះបាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងសេវាកម្ម និងការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរដូចជាកង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាធ្លាក់ចុះនេះ បើធៀបត្រីមាសទី៣ នៅក្នុងឆ្នាំ២០២១ អត្រាអតិផរណា​ឆ្នាំ២០២២នេះ កើនឡើងបន្តិច ដោយត្រីមាសទី៣ ឆ្នាំ២០២១ ស្ថិតក្នុងអត្រាត្រឹមតែ៣,២%​ប៉ុណ្ណោះ។

របាយការណ៍ក៏បានបង្ហាញឱ្យឃើញ សន្ទស្សន៍ថ្លៃសាច់ជ្រូក ក្នុងត្រីមាសនេះ​ស្ថិតក្នុងអត្រា៥,៥% ត្រី ៤,៥% ប្រេងម៉ាស៊ូត៣៨,៥% ប្រេងសាំងធម្មតា១៣,៦% និងឧស្ម័ន១៦,៧%។ ទន្ទឹមគ្នានេះ អត្រាប្តូរប្រាក់ ជាមធ្យមក្នុងរង្វង់៤.០៩៥,២រៀល ក្នុងមួយដុល្លារអាមេរិកបានកើនឡើង០,៥%។

ចំណែកថ្លៃទំនិញសំខាន់ៗ នៅលើទីផ្សារអន្តរជាតិនៅត្រីមាសទី៣ ឆ្នាំ២០២២ ​ប្រេងឆៅ គិតជាមធ្យមមានតម្លៃ៩៦,៦ដុល្លារអាមេរិកក្នុងមួយធុង បានកើនឡើង ៣៤,៦% អង្ករមានតម្លៃ៤២៩,៣ដុល្លារក្នុងមួយតោន កើនឡើង៥,៨% ខណៈដែលមាស មានតម្លៃ១ ៨៩៣.៧ដុល្លារក្នុងមួយអោន បានធ្លាក់ចុះ៣,៥% និងកៅស៊ូ តម្លៃ ១ ៤៤៧ដុល្លារក្នុងមួយតោន ធ្លាក់ចុះ១២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here