ប្រទេសអ៊ុយក្រែនប្រឈមមុខនឹងការជាប់ផុងក្នុងអន្ទាក់បំណុលដ៏ធំបន្ទាប់ពីសង្រ្គាមបញ្ចប់ ខណៈហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំទេច

ដោយ: លាងហួរ

ក្រុងគៀវ: កងទ័ព​អ៊ុយក្រែន​កំពុងបន្ត​វាយលុកដណ្តើម​កាន់កាប់ទឹកដីរបស់ខ្លួន ដែលត្រូវបានកងកម្លាំង​រុស្ស៊ី​ឈ្លានពាន យកត្រឡប់មកវិញ នៅ​តំបន់​ភាគ​ខាងកើត។ អ្នកអង្កេតការណ៍ បានលើកឡើងថា អ៊ុយក្រែនមិនត្រឹមតែកំពុងប្រឈមមុខនឹងរថក្រោះរបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំណុលរបស់បណ្តាធនាគារលោកខាងលិច និងជាពិសេស គឺបំណុលបរទេស ដែលអ៊ុយក្រែនបានជំពាក់។

នេះបើយោងតាមការចេញផ្សាយ ដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Open Democracy នាពេលថ្មីៗនេះ។

ប្រភពខាងលើលើកឡើងថា បំណុលទាំងនេះអាចបង្អាក់ដល់ការចំណាយរបស់អ៊ុយក្រែន លើកិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាម និងកាត់បន្ថយការចំណាយសង្គមរបស់ប្រទេសនេះយ៉ាងខ្លាំង។ នៅពេលដែលសង្រ្គាមបញ្ចប់ អ៊ុយក្រែនអាចប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ពីក្រុមម្ចាស់បំណុលរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់អ៊ុយក្រែន លោក Yulia Svyrydenko បានឱ្យដឹងថាសង្គ្រាមនេះបានបង្កការខាតបង់ ក្នុងទំហំទឹកប្រាក់ចំនួន៥៦៤,៩ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចរបស់អ៊ុយក្រែនរួចទៅហើយ។

គិតរហូតមកដល់ពេលនេះ ថវិកាចំណាយសម្រាប់កសាងប្រទេសឡើងវិញ ក្រោយសង្គ្រាមបញ្ចប់ទៅរបស់អ៊ុយក្រែន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជិត៧៥០ពាន់លានដុល្លាររួចទៅហើយ។ ទំហំនៃការនាំចេញរបស់អ៊ុយក្រែនបានធ្លាក់ចុះប្រហែល៣៥ភាគរយ ចាប់តាំងពីឆ្នាំ២០២១ ហើយ GDPរបស់ប្រទេសនេះ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះក្នុងអត្រាស្រដៀងគ្នានេះ។

ទន្ទឹមនឹងនេះ អត្រាអតិផរណាកំពុងហក់ឡើងយ៉ាងខ្លាំង ចំណែករូបិយប័ណ្ណរបស់អ៊ុយក្រែនវិញក៏កំពុងដួលរលំ ដោយមួយផ្នែកបណ្តាលមកពីកង្វះចំណាប់អារម្មណ៍របស់វិនិយោគិន ហើយមួយផ្នែកទៀតបណ្តាលមកពីធនាគារកណ្តាលរបស់អ៊ុយក្រែន ត្រូវទិញមូលបត្របំណុល ដែលបោះផ្សាយដោយរដ្ឋាភិបាល ដើម្បីផ្តល់មូលនិធិដល់ការធ្វើសង្រ្គាម។

ក្រោយមកទៀត ធនាគារកណ្តាលអ៊ុយក្រែនបានបង្កើនអត្រាការប្រាក់ទ្វេដង រហូតដល់២៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតនៅអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ Donbas ក្នុង២០១៤ កំពុងទទូចឱ្យប្រទេសនេះបន្តសងបំណុលរបស់ខ្លួន បូករួមនឹងការប្រាក់ ការគិតថ្លៃ និងថ្លៃសេវាដែលពាក់ព័ន្ធ។ ចំណែកក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក កាលពីខែមុន មិនបានពិភាក្សាអំពីការព្យួរ ការបន្ធូរបន្ថយ ឬលើកលែងបំណុលរបស់អ៊ុយក្រែនឡើយ។

នៅឆ្នាំ២០២២នេះ ទោះបីជាមានសង្រ្គាមយ៉ាងណាក្តី ប៉ុន្តែអ៊ុយក្រែនបានសងប្រាក់វិញ ដល់ធនាគារពិភពលោកចំនួន៤៩៦លានដុល្លារ បូករួមនឹង៥៨លានដុល្លារជាថ្លៃសេវា និងអត្រាការប្រាក់ ហើយអ៊ុយក្រែនក៏ត្រូវទូទាត់សងIMFចំនួន១,៣ពាន់លានដុល្លារ បូកនឹង១៥០លានដុល្លារជាថ្លៃទូទាត់បន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here