ដោយ: លាងហួរ
តូក្យូ: យោងតាមការស្ទង់មតិរបស់អង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន (JETRO)បានបង្ហាញឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនជប៉ុនចំនួន៤១,៩ភាគរយជឿជាក់ថា ប្រាក់ចំណេញរបស់ពួកគេនៅក្នុងប្រទេសចិន សម្រាប់ឆ្នាំ២០២២នេះ នឹងធ្លាក់ចុះធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន២៦,៨ ភាគរយផ្សេងទៀត បានព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការរបស់ពួកគេ នឹងមានភាពប្រសើរឡើង។
ជាភាពជាក់ស្តែង គោលនយោបាយសូន្យកូវីដ របស់ប្រទេសចិនបាននឹងកំពុងអូសបន្លាយប្រតិបត្តិការរបស់បណ្តាក្រុមហ៊ុនជប៉ុន។
ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ចំនួនក្រុមហ៊ុនជប៉ុនដែលជឿជាក់ថា ប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា វៀតណាម និងឥណ្ឌូណេស៊ី នឹងមានភាពប្រសើរឡើង គឺមានចំនួន៦៣,២ភាគរយ និង៤៧,៦ភាគរយ និង៤៧ភាគរយរៀងគ្នា។
ទន្ទឹមនឹងនោះ ក្នុងចំណោមក្រុមហ៊ុនផលិតទាំងអស់ ក្នុងនោះក្រុមហ៊ុន ដែលគ្រោងនឹងពិនិត្យមើលឡើងវិញ នូវយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេមានចំនួន៥៩,៩ភាគរយ។
លោក Nobuhiko Sasaki ប្រធានអង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន(JETRO)បានមានប្រសាសន៍ថា “ការកើនឡើងនៃថ្លៃសម្ភារៈ និងថ្លៃដឹកជញ្ជូន គួបផ្សំនឹងហានិភ័យនៃការរំខាន ការផ្គត់ផ្គង់ត្រូវបានគេមើលឃើញយ៉ាងច្បាស់”៕