ប្រទេសជប៉ុនរំពឹងទទួលបានភ្ញៀវទេសចរថៃជាង១លាននាក់ ក្នុងឆ្នាំ២០២៣ខាងមុខនេះ

ដោយ: លាងហួរ

បាងកក: លំហូរនៃភ្ញៀវទេសចរថៃចូលប្រទេសជប៉ុន បានកើនឡើងច្រើនជាងបួនដង ពោលគឺចំនួនភ្ញៀវបានកើនពី៧.៦០០នាក់ ក្នុងខែកញ្ញាដល់៣៤.០០០នាក់ក្នុងខែវិច្ឆិកានេះ។

នៅឆ្នាំ២០២៣ខាងមុខ គេរំពឹងថាភ្ញៀវទេសចរថៃចំនួន១លាននាក់បន្ថែមទៀត នឹងចូលមកទស្សនាក្នុងប្រទេសជប៉ុន ដោយសារប្រទេសនេះបានបញ្ចប់ ការរឹតបន្តឹងនៃជំងឺកូវីដ១៩ និងបានបន្ធូរបន្ថយតម្រូវការទិដ្ឋា ការផងដែរ។

លោកAnake Srishevachart ប្រធានសមាគមទេសចរណ៍ថៃ-ជប៉ុន  បានព្យាករណ៍ថា ប្រទេសជប៉ុន នឹងទទួលបានភ្ញៀវទេសចរថៃជាង១០.០០០នាក់ ដែលចូលមកទស្សនាប្រទេសនេះ ក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ប្រសិនបើមិនមានការផ្ទុះឡើងជំងឺកូវីដ១៩ម្តងទៀត ហើយជើងហោះហើររវាងប្រទេសថៃ និងជប៉ុន អាចបើកដំណើរការជាប្រក្រតីឡើងវិញ នោះចំនួនអ្នកធ្វើដំណើរថៃទៅកាន់ប្រទេសជប៉ុន នឹងត្រលប់ទៅរកកម្រិតធម្មតាវិញដូចឆ្នាំ២០១៩។

លោកបានបន្ថែមថា ភ្ញៀវទេសចរថៃជាង១លាននាក់ ត្រូវបានគេរំពឹងថានឹងចូលមកទស្សនាក្នុងប្រទេសជប៉ុន នៅឆ្នាំ២០២៣ខាងមុខ ខណៈតម្លៃប្រាក់យ៉េនកំពុងចុះថោកយ៉ាងខ្លាំង។

យោងតាមរបាយការណ៍ ពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានឱ្យដឹងថា នៅក្នុងចំណោមភ្ញៀវទេសចរបរទេស ចំនួន៣១លាននាក់បានចូលមកទស្សនាប្រទេសជប៉ុន កាលពីឆ្នាំ២០១៩ ក្នុងនោះមានភ្ញៀវចំនួន១,៣លាននាក់ជាជនជាតិថៃ ពោលគឺស្មើនឹង៤,១ភាគរយនៃភ្ញៀវទេសចរសរុប ដោយប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមអ្នកធ្វើដំណើរទៅកាន់ប្រទេសជប៉ុនច្រើនជាងគេ ប៉ុន្តែចំនួននេះនៅឈរពីក្រោយប្រទេសកូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃគឺជាប្រទេសតែ១គត់ នៅក្នុងតំបន់អាស៊ាន ដែលបាននាំលំហូរភ្ញៀវទេសចរជាង១លាននាក់ចូល ក្នុងប្រទេសជប៉ុន។

ផ្ទុយទៅវិញ គេជឿជាក់ថាចំនួនភ្ញៀវទេសចរជប៉ុន ដែលចូលទស្សនាក្នុងប្រទេសថៃកំពុងធ្លាក់ចុះ ដោយសារតែកង្វះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន៕

LEAVE A REPLY

Please enter your comment!
Please enter your name here