ដោយ: លាងហួរ
ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្នាតយក្សរបស់ប្រទេសចិន China Evergrande Group បានស្នើដល់ក្រុមម្ចាស់បំណុលនៅក្រៅប្រទេសថា ខ្លួនគ្រោងនឹងបង្ហាញសំណើររៀបចំ រចនាសម្ព័ន្ធឡើងវិញភ្លាមៗនៅសប្តាហ៍ទី១នៃខែធ្នូខាងមុខ។
នេះបើយោងតាម របាយការណ៍របស់សារពត៌មាន Bloomberg News បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
របាយការណ៍ដដែលនេះបានបង្ហាញ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា សំណើនេះអាចដាក់បញ្ចូល នូវការដោះដូរបំណុលយកភាគហ៊ុន នៅក្នុងអង្គភាពគ្រប់គ្រងយានយន្ត និងអចលនទ្រព្យដែលបានចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុនEvergrande។
ក្រុមម្ចាស់បំណុលបានទាមទារឱ្យប្រធានក្រុមហ៊ុន Evergrande គឺលោក Hui Ka Yan បញ្ចូលទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់លោកយ៉ាងហោចណាស់ចំនួន២ពាន់លានដុល្លារ ចូលទៅក្នុងក្រុមហ៊ុន Evergrande ដើម្បីធ្វើជាលក្ខខណ្ឌមួយ សម្រាប់ទទួលបានការឯកភាព លើសំណើរណាមួយពីក្រុមហ៊ុន។
ចំពោះបញ្ហានេះ ក្រុមហ៊ុន Evergrande មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយនោះទេ។
កាលពីសប្តាហ៍មុនកន្លងទៅ សារពត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Evergrande គ្រោងប្រើប្រាស់ឥណទានក្នុងស្រុក ដើម្បីបញ្ចុះបញ្ចូល ដល់ក្រុមម្ចាស់បំណុលនៅឯក្រៅប្រទេស សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ៕