ប្រទេសចំនួន៨បើកកិច្ចប្រជុំពិគ្រោះយោបល់លើវិស័យដឹកជញ្ជូន កម្រិតខ្ពស់

  ដោយៈ ម៉ាលីនណា

       បាងកកៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធាណៈការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ឋពីប្រទេសចំនួន៨ បានអញ្ជើញចូលរួមក្នុងកិច្ចកម្រិតខ្ពស់ ក្រោមប្រធានបទ “ការប្រមើលមើល​ឡើងវិញ​ លើ​វិស័យ​ដឹកជញ្ជូន​នាពេល​អនាគត​ក្នុង​តំបន់​អាស៊ី”។

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់កម្រិតតំបន់​លើក​ទី​១​ នៅក្នុង​តំបន់​អាស៊ី​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិនេះ ​រៀបចំឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ខណៈ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​អះអាងថា ការគិតគូរ​ទុកជាមុន អាច​ជួយ​រៀបចំ​ឱ្យ​សង្គម​កម្ពុជា​ មាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ ប្រឈម​នានា​នាពេល​អនាគត​។

កិច្ចប្រជុំ​នេះ ​មាន​ការចូលរួម​ពី​អង្គការ​ សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ (OECD) ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​របស់​អង្គការ​សហប្រជាជាតិ​ (UN-ESCAP) មូលនិធិ​សុវត្ថិភាព​ផ្លូវថ្នល់ ​របស់​អង្គការ​សហប្រជាជាតិ​(UN Road Safety Fund) ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ធនាគារ​​ពិភពលោក សហគមន៍​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ GIZ លេខាធិការដ្ឋាន​សមាគម​អាស៊ាន ​និង​ប្រទេស​ជា​សមាជិក​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​ (ITF)​ នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ធ្វើ​​ឡើង​ដើម្បី​កំណត់​នូវ​ឱកាស និង​សកម្ម​ភាព​ជាក់ស្តែង​នៅ​តំបន់​អាស៊ី​ ដែល​នឹង​នាំ​ដល់​ការដឹកជញ្ជូន​ប្រកប​ដោយ​​និរន្តរភាព ភាពធន់ និង​បរិយាប័ន្ន​។ កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការចែករំលែក​គោលនយោបាយ​អាទិភាព ចំណេះដឹង ការអនុវត្ត​ល្អៗ និង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ពន្លឿន​ការផ្លាស់ប្តូរ​ក្នុង​បរិបទ​នៃ​ការរាតត្បាត​កូវីដ​១៩ ពិសេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គ្របដណ្តប់​លើ​ប្រធានបទ​ពាក់ព័ន្ធ​ខ្ពស់​សម្រាប់​តំបន់ រួមមាន ដូចជា ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយ​បរិយាប័ន្ន សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​ (​ការដឹកជញ្ជូន​ដែល​បំភាយ​ឧស្ម័ន​កាបូន​ទាប​) និង​ការធ្វើ​ទំនើបកម្ម​ឌីជីថល​លើ​វិស័យ​ដឹកជញ្ជូន​។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា ការគិតគូរ​ទុកជាមុន​ អាច​ជួយ​រៀបចំ​សង្គម​យើង ​ឱ្យមាន​លទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​នឹង​កើតមានឡើង ​នាពេល​អនាគត​បាន​។ លោក​ចាត់ទុក​ថា លទ្ធផល​នៃ​ការពិភាក្សា​គ្នា​នេះ​នឹង​ត្រូវបាន​យកទៅ​អនុវត្តន៍​ ដើម្បី​បន្តទៅ​កាន់​កិច្ចប្រជុំ​កំពូល​របស់​វេទិកា ​ដឹកជញ្ជូន​អន្តរជាតិ (ITF) ​នា​ឆ្នាំ​ ២០២៣ ដែលជា​សម័យប្រជុំ​លើក​ទី​៧ ​របស់​ (UN-ESCAP)​។

លោក​បញ្ជាក់ថា​ ​“វិស័យ​ដឹកជញ្ជូន​ និង​ភ័ស្តុភារកម្ម​ដែលមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ​គឺ​កាន់តែ​មាន​សារៈសំខាន់​ថែមទៀត​ សម្រាប់​ការអភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​នៅ​ទូទាំង​អាស៊ី និង​ប៉ាស៊ីហ្វិក​ក្នុង​​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ”​។ លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នានា ​គឺជា​កត្តា​ជំរុញ​ដ៏សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ និង​ជា​កត្តា​ជំរុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ជា​វិជ្ជមាន ក៏ដូចជារឹតបន្តឹង​បរិយាប័ន្ន​សង្គម​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here