តម្លៃប្រេងឆៅសកលត្រូវគេរំពឹងថានឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២៣ខាងមុខ

ដោយ: លាងហួរ

បាងកក: យោងតាមក្រុមអ្នកវិភាគនៃក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT Plc បានឱ្យដឹងថា តម្លៃប្រេងឆៅសកលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះមកនៅត្រឹម៨៥ ទៅ៩៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅឆ្នាំ២០២៣ខាងមុខ នៅពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

ការប៉ាន់ប្រមាណនេះធ្វើឡើង ស្របពេលដែលធនាគារពិភពលោកបានព្រមាន ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៣ បន្ទាប់ពីបណ្តាធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ជាការឆ្លើយតបទៅនឹងអត្រាអតិផរណាដ៏ខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Nitipat Saengdaochai អ្នកវិភាគនៃក្រុមហ៊ុន PTT Prism បានថ្លែងនៅក្នុងវេទិកាទស្សនវិស័យប្រេងប្រចាំឆ្នាំលើកទី១១ថា ការផ្គត់ផ្គង់ប្រេងនឹងលើសពីតម្រូវការនៅឆ្នាំក្រោយ ប៉ុន្តែតម្លៃប្រេងពិភពលោកនៅតែប្រែប្រួល ហើយអាចហក់ឡើងវិញគ្រប់ពេលវេលា ប្រសិនបើការផ្គត់ផ្គង់ត្រូវបានរំខានម្តងទៀត។

PTT Prism គឺជាអង្គភាពមួយក្រោមក្រុមហ៊ុន PTT Group ដែលរួមមានអ្នកជំនាញនៅទូទាំងអាជីវកម្មថាមពល PTT ។ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ តម្លៃប្រេងពិភពលោកបានកើនឡើងលើស១០០ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីមានការព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់ប្រេង ដែលជាលទ្ធផលនៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។

លោក Sirawish Somrattanakul អ្នកវិភាគនៅក្រុមហ៊ុន PTT Prism បានមានប្រសាសន៍ថា ទីផ្សារប្រេងហាក់ដូចជាមានប្រតិកម្មខ្លាំងពេកទៅនឹងសង្រ្គាមនេះ។

លោកបានបន្តថា ទីផ្សារដំបូងឡើយ ត្រូវគេជឿថា ជម្លោះនេះនឹងនាំឱ្យមានការបាត់បង់ការផ្គត់ផ្គង់ប្រេងពី៣ទៅ៤លានបារ៉ែលក្នុងមួយថ្ងៃ ប្រហែល៤ភាគរយ នៃការផ្គត់ផ្គង់ប្រេងពិភពលោកពីប្រទេសរុស្ស៊ី។

បញ្ហានេះបានបណ្តាលឱ្យអង្គការ OPEC និងប្រទេសមិនមែនជាសមាជិកអង្គការ OPEC និងទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បង្កើនការផ្គត់ផ្គង់ប្រេងប្រហែល៥,៤លានបារ៉ែល ក្នុងមួយថ្ងៃ។

ប្រទេសរុស្ស៊ី ជាប្រទេសនាំចេញប្រេងធំជាងគេទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដោយរុស្សីមិនបានកាត់បន្ថយការនាំចេញរបស់ខ្លួនទេ ហើយប្រឈមមុខនឹងការដាក់ទណ្ឌកម្មលើការនាំចេញប្រេងពីអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីបាននាំចេញប្រេងកាន់តែច្រើនទៅកាន់ឥណ្ឌា និងចិន។

លោក Sirawish បានបន្តថា លទ្ធផលនេះបាននាំឱ្យតម្លៃប្រេងពិភពលោកបានធ្លាក់ចុះ ទោះបីជាបច្ចុប្បន្នវានៅតែស្ថិតក្នុងកម្រិតខ្ពស់ប្រហែល៩០ដុល្លារក្នុងមួយបារ៉ែល ដែលមួយផ្នែកបណ្តាលពីតម្លៃដឹកជញ្ជូនខ្ពស់ សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា និងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here