ប្រទេសកម្ពុជាដាក់ចេញផែនការនាំចេញអង្ករ១លានតោននៅក្នុងឆ្នាំ២០២៥

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករយ៉ាងហោចណាស់ចំនួន៧៥ម៉ឺនតោន នៅឆ្នាំ២០២៣ខាងមុខនេះ និង១លានតោននៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា ក្នុងបរិមាណទ្រង់ទ្រាយធំ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ។

នេះបើយោងតាមការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកបានមានប្រសាសន៍ថា សម្រាប់អាណត្តិទី៣នៃសហព័ន្ធស្រូវអង្ករកម្ពុជា ទោះស្ថានការណ៍នៃកូវីដ-១៩ ក្រសួងពាណិជ្ជកម្មបានឃើញនូវវឌ្ឍនភាពសំខាន់ៗ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេច ដូចជា បានពង្រឹងបាននូវមូលដ្ឋានដឹកនាំរបស់សហព័ន្ធ ដែលរៀបចំបាននូវការិយាល័យអចិន្ត្រៃយ៍ ការធ្វើប្រព័ន្ធប្រតិបត្តិការងារមានស្តង់ដារ ISO 9001:2015 ការរៀបចំ គណនេយ្យភាពលើប្រព័ន្ធហិរញ្ញវត្ថុ ដោយមានសវនកម្មច្បាស់លាស់ពីសវនករឯករាជ្យ ការសម្របសម្រួល និងសហប្រតិបត្តិការគ្រប់ស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍នានា និងជាដៃគូរយ៉ាងពេញលេញជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានការជួយសម្រួលដល់ចរាចរអង្ករនៅតាមតំបន់ដែលការបិទខ្ទប់ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅគ្រប់ភូមិសាស្ត្រ និងការរក្សាបាននូវស្ថិរភាពតម្លៃស្រូវអង្ករលើទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា សម្រាប់អាណត្តិទី៤នេះ ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្មដែលជាអាណាព្យាបាលបច្ចេកទេស សហព័ន្ធស្រូវអង្ករក៏បានដាក់ចេញនូវផែនការរបស់ខ្លួន ដោយផ្តោតលើសរសរស្តម្ភចំនួន៤ ដូចខាងក្រោម៖

 

  • អភិបាលកិច្ច៖ បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព។

 

  • ជំរុញផលិតកម្មពូជស្រូវ៖ បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបាននូវតម្លៃស្រូវ។
  • ទីផ្សារ៖ ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ ដែលកំណត់យកឆ្នាំ២០២៣ ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ។

 

  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ រៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករបន្ថែម ដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបការប្រែប្រួលបរិយាកាស ទីផ្សារ និងទិន្នផល។ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដាំដុះ ការកិនកែច្នៃ និងជំរុញឱ្យមានស្តង់ដារតម្រូវគ្រប់ប្រភេទរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here