ក្រុមហ៊ុនជប៉ុនMazda គ្រោងបោះទុន១១ពាន់លានដុល្លារដើម្បីទទួលបានការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី

ដោយៈ សុខុម

តូក្យូ: ក្រុមហ៊ុនជប៉ុន Mazda Motor Corp គ្រោងបោះទុនវិនិយោគចំនួន១០,៦ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០ ដើម្បីទិញអាគុយរថយន្តអគ្គិសនី (EV) និងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយ Envision AESC។ នេះបើយោងតាមកាសែត Nikkei Business Daily ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា។

កាសែតនេះចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Hiroshima ប្រទេសជប៉ុន នេះនឹងទិញអាគុយ ហើយស្វះស្វែងបង្កើនការផលិតរថយន្តអគ្គិសនីសុទ្ធសាធ នៅតាមបណ្ដារោងចក្រក្នុងប្រទេសជប៉ុន តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Envision AESC។

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Mazda និងក្រុមហ៊ុន Envision AESC បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនផលិតរថយន្តនានាទូទាំងពិភពលោក កំពុងជះទុនច្រើនពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនការផលិតអាគុយ និងរថយន្តអគ្គិសនី ស្របពេលក្រុមហ៊ុនទាំងប្រឈម នឹងបទប្បញ្ញត្តិបរិស្ថានកាន់តែតឹងរ៉ឹង។

តួយ៉ាង កាលពីខែសីហា ក្រុមហ៊ុនជប៉ុន Toyota Motor Corp និយាយថា ខ្លួននឹងបោះទុនវិនិយោគរហូត ដល់៥,១៦ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីផលិតអាគុយសម្រា​ប់រថយន្តអគ្គិសនីសុទ្ធសាធ ដែលខុសពីរថយន្ត Hybrid ប្រើសាំង និងអគ្គិសនីលាយគ្នាដូចជារថយន្ត Prius ជាដើម។

គូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុនជប៉ុន Honda Motor Co ក៏បានទម្លាយឱ្យដឹងក្នុងខែដដែលនេះដែរថា ខ្លួននឹងសាងសង់រោងចក្រផលិតអាគុយលីចូម- អ៊ីយ៉ុងថ្មីតម្លៃ៤,៤ពាន់លានដុល្លារ សម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់អាគុយកូរ៉េ LG Energy Solution Ltd។

លោក Shoichi Matsumoto នាយកប្រតិបត្តិក្រុមហ៊ុន Envision AESC បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែមុនថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តនានា នៅប្រទេសជប៉ុន អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិន សម្រាប់កិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្មីៗ។

ក្រុមហ៊ុន Envision AESC ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន គឺជាបុត្រសម្ព័ន្ធផលិតអាគុយ របស់ក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់ប្រទេសចិន ដែលដំបូងឡើយត្រូវបានបង្កើតឡើង ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Nissan Motor Co ក្រុមហ៊ុន NEC Corp និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ NEC TOKIN Corporation៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here