ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានពន្យល់ពីដំណើរការ នៃចង្វាក់ផលិតកម្មកសិកម្ម ដើម្បីឱ្យមានការទីផ្សារ គឺតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យកសិកម្ម។
ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លក ឌិត ទីណា ជួបសំណេះសំណាល និងផ្តល់យោបល់ដល់បណ្តុំអាជីវកម្ម ផលិតកម្មផ្លែឈើចម្រុះ នៅភូមិចំការ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកឌិត ទីណា បានបន្តលើកឡើងថា ពាក់ព័ន្ធនឹងការងារគម្រោងដែលជាទូទៅយើងត្រូវធ្វើយ៉ាងណា ដើម្បីជួយឲ្យប្រជាកសិករ បង្កើតទៅជារចនាសម្ព័ន្ធមួយ [ក្រុម] ដែលមានអ្នកផលិត អ្នកត្រួតពិនិត្យ អ្នកប្រមូលទិញ និងអ្នកយកទៅបញ្ចេញរហូតដល់ទីផ្សារ។
លោកបញ្ជាក់ថា “ការងារនេះត្រូវធ្វើដោយមានការគិតគូរច្បាស់លាស់ តើមួយដំណាក់ៗ ត្រូវមានប្រាក់ចំណេញប៉ុន្មាន សម្រាប់តួអង្គទាំងអស់”។ លោកបន្តថា “ការបែងចែកផលចំណេញ ដោយយុត្ដិធម៌ទៅតាមកម្លាំងពលកម្ម ទៅតាមការចំណាយ ទៅតាមការទទួលខុសត្រូវ ដែលចេញជាលទ្ធផលពិតនៃញើសឈាមម្នាក់ៗ។ ការធ្វើបែបនេះហើយ ដើម្បីឲ្យការធ្វើនៅថ្ងៃខាងមុខមាននិរន្ដភាព”៕