ប្រទេសកម្ពុជានិងបង់ក្លាដែសពិភាក្សានាំចេញអង្ករពីកម្ពុជាទៅទីផ្សារបង់ក្លាដែស

ដោយ៖ សុផារី

ភំ្នពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រសួងស្បៀងអាហារបង់ក្លាដែស ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងសកម្មភាពយុទ្ធសាស្រ្តអនាគត ក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា ទៅក្នុងទីផ្សារបង់ក្លាដែស។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Sadhan Chandra Majumder រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីបង់ក្លាដែសដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ និងបង្កើតឱ្យមានក្រុមការងារបច្ចេកទេសរួម ដើម្បីពិនិត្យ និងរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-បង់ក្លាដែស ស្របតាមចក្ខុវិស័យនៃប្រទេសទាំងពីរ និងស្មារតីនៃជំនួបទ្វេភាគីរវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ នាពេលកន្លងទៅថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប ភាគីបង់ក្លាដែសបានឯកភាព ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស ការបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស និងការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស។

លើសពីនេះភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារ ដែលជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។

ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស មានទំហំទឹកប្រាក់ប្រមាណ២២លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here