ដោយ: លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកាថា ទំហំនៃការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិនក្នុងការដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹករក្សាបាននូវកំណើនថេរចាប់ពីខែមករា ដល់ខែតុលា។
នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaកាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមក្រសួងដឹកជញ្ជូនចិនបានឱ្យដឹងថា ទំហំនៃការវិនិយោគទ្រព្យសកម្មថេរ ក្នុងការដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកឈានដល់ជិត២,៤៧ពាន់ពាន់លានយ័ន (ប្រហែល៣៤៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដំបូង ដោយកើនឡើង៩,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងការវិភាគលើស្ថិតិ ទំហំនៃការវិនិយោគលើការដឹកជញ្ជូនតាមផ្លូវគោក បានឈានដល់២,៣៤ពាន់ពាន់លានយ័ន ពោលគឺកើនឡើង៩,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ចំណែកឯទំហំនៃការវិនិយោគផ្លូវទឹក ក្នុងប្រទេសចិនបានកើនឡើង៩,២ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់៦៣,៤ពាន់លានយ័ន។
ទំហំនៃការវិនិយោគផ្លូវទឹក តាមឆ្នេរសមុទ្រ បានកើនឡើង៨,២ភាគរយធៀបនឹងឆ្នាំមុនដល់៦៥,២ពាន់លានយ័ន៕