ដោយៈ សុផារី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានបញ្ចេញថវិកាបន្ថែមចំនួន១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មស្តីពី ការផ្តល់ថវិកាបន្ថែម សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្នានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួល នៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវ ដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានសម្រេចផ្តល់ថវិកាបន្ថែម ចំនួន១០លានដុល្លារអាមេរិក លើមូលនិធិ សម្រាប់ទិញស្រូវចំនួន៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
មូលនិធិនេះជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន៕