គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន១១,៧៦ភាគរយហើយ

ដោយៈ គង់ សូរិយា

       កោះកុងៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការសាងសង់ផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពប្រសើរ ដោយគិតរហូតដល់ពាក់កណ្តាលខែវិច្ឆិកានេះ ការដ្ឋានសាងសង់សម្រេចបានជិត១២ភាគរយហើយ។

លោកហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រសួង ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធចុះពិនិត្យការដ្ឋាន ការងារសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប១៤៨គីឡូម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្លូវសំខាន់នេះ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូ​ម៉ែត្រលេខ ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យតាមដានពីស្ថានភាពវិវឌ្ឍនជាក់ស្ដែងក្នុងការដ្ឋាន សង់សង់ផ្លូវជាតិលេខ៤៨ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture ដើម្បីអាចឱ្យក្រុមការងារអនុវត្តន៍គម្រោង រៀបចំផែនការសកម្មភាពបន្ទាប់ សំដៅពន្លឿន ការសាងសង់ឱ្យសម្រេចបញ្ចប់តាមផែនការកំណត់។

លោកអគ្គនាយក បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ ក្នុងការយកស  ម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជា វិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤ ចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ផ្លូវបែងចែកជា២គន្លង ប្រវែង១២២,៩គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) កម្រាស់ ០៧សង់ទីម៉ែត្រ រួមជាមួយបេតុងសរសៃដែក ដែលនឹងប្រើប្រាស់ត្រង់ផ្លូវប្រសព្វចំនួន៥ទីតាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here