ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់(MOU ) ស្តីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវមឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ជាមួយនឹងលោកសាស្រ្តាចារ្យ Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។
តំណាងអង្គការCAMSAFE និងលោកសាស្រ្តាចារ្យ តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃប្រទេសកូរ៉េ បានថ្លែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទស្សនវិស័យ ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដោយផ្តោតជាសំខាន់លើតំបន់សាលារៀន ដែលមានអត្ថន័យជារួមថា តំបន់សាលារៀន គឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារ គឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយឱ្យបានច្រើនជាទីបំផុត។
ដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍ នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពីកម្រិតបឋមសិក្សាឡើងទៅ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវមឺន មាណវីបានបន្ថែមថា ការចូលរួមគាំទ្រពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយអនុស្សរណៈនៃការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧៕