សហរដ្ឋអាមេរិកគ្រោងជួយអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ធុនតូចក្នុងប្រទេសថៃ

ដោយ: លាងហួរ

បាងកក: អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាសថា សហរដ្ឋអាមេរិកនឹងជួយដល់ប្រទេសថៃ ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ តាមរយៈម៉ាស៊ីនរ៉េអាក់ទ័រតូចៗប្រភេទថ្មី ដែលជាផ្នែកមួយនៃកម្មវិធី ដែលមានគោលបំណងប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។

សេតវិមានបានបញ្ជាក់ថា ជំនួយនេះគឺជាផ្នែកមួយនៃគម្រោងគំនិត  ផ្តួចផ្តើមពិភពលោកគ្មានកាបូន ដែលត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៅទីក្រុង Glasgow កាលពីឆ្នាំ២០២១ ដោយសហរដ្ឋអាមេរិក បានចាប់ដៃគូជាមួយវិស័យឯកជន និងសប្បុរសជន ដើម្បីលើកកម្ពស់វិស័យថាមពលស្អាត។

ប្រទេស​ថៃ ​មិន​មាន​ថាមពល​នុយក្លេអ៊ែរ​នោះទេ ខណៈសាធារណជនមានការភ័យខ្លាច ក្រោយពី​មានមហន្តរាយ​ហ្វូគូស៊ីម៉ា ​កាលពីឆ្នាំ២០១១នៅ​ក្នុងប្រទេស​ជប៉ុន។

វិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែររបស់ប្រទេសថៃ បានស្នើសុំសាងសង់ការដ្ឋានរ៉េអាក់ទ័រទំហំ២០មេហ្គាវ៉ាត់ នៅក្នុងស្រុក Ongkharak នៃខេត្ត Nakhon Nayok ប៉ុន្តែវាបានជួបប្រទះការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេតវិមានបានឱ្យដឹងថា អាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសនេះ ដើម្បីអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូច ដែលផលិតដោយរោងចក្រ និងអាចចល័តបាន ហើយរ៉េអាក់ទ័របែបនេះ ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាង ដោយសារពួកគេមិនត្រូវការអន្តរាគមន៍ ពីមនុស្សដើម្បីបិទនៅពេលមានអាសន្ន។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប ដែលធ្វើដំណើរជាមួយលោកស្រី Harris បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យើងពិតជាទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសថៃ ដើម្បីទាញយកអត្ថប្រយោជន៍ពីម៉ាស៊ីនរ៉េអាក់ទ័រធុនតូច និងប្រភពថាមពលស្អាតដែលអាចទុកចិត្តបាន។

សេតវិមានក៏បានប្រកាសពីគំនិតផ្តួចផ្តើម ជាមួយប្រទេសថៃក្នុងការជំរុញសុវត្ថិភាពនៃអ៊ីនធឺណិតជំនាន់ទី៥ និងគម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺមហារីកលំដាប់ពិភពលោកនៅក្នុងខេត្ត Chon Buri ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here