កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារពីការនាំចេញកសិផល ក្នុងរយៈពេល១០ខែដំបូង

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ចេញផ្សាយ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) កាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកាបានឱ្យដឹងថា ប្រទេសកម្ពុជារកចំណូលបាន៣,០៧ពាន់លានដុល្លារ ពីការនាំចេញកសិផលចំនួន៧,៦២លានតោន ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ ២០២២នេះ។

របាយការណ៍ដដែលបានបង្ហាញថា ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់ ក្នុងចំណោមផលិតផលផ្សេងទៀត ដោយប្រទេសចិនគឺជាអ្នកទិញផលិតផលដ៏ធំរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មដ៏រឹងមាំ ខណៈដែលកម្ពុជាបាននាំចេញអង្ករ ចេក ស្វាយ ហើយនាពេលថ្មីៗនេះ កម្ពុជាក៏បាននាំចេញមៀន ទៅកាន់ប្រទេសចិនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឌិត ទីណា បានប្រាប់សារពត៌មាន Xinhua ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ខ្ញុំមានទំនុកចិត្តថា យើងអាចពង្រីកទំនាក់ទំនងនេះ ឱ្យកាន់តែលូតលាស់ឡើងបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។លោក​បន្តថា “ទីផ្សារចិននៅតែមានសក្តានុពល ក្នុងការស្រូបយកផលិតផលកសិកម្មកម្ពុជាកាន់តែច្រើន ហើយប្រទេសទាំង២មិនទាន់បានប្រើប្រាស់សក្តានុពលជាអតិបរមាក្នុងវិស័យនេះនៅឡើយទេ”។

លោក ឌិត ទីណា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានជួយជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។

លោក​បាន​បន្ត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ពីរ​ នឹង​រួម​ចំណែ​ក ​មិន​ត្រឹម​តែ​កំណើន​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​សុខុមាលភាព និង​វិបុលភាព​របស់​កសិករផងដែរ។

វិស័យកសិកម្មគឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា ដោយវិស័យនេះបានរួមចំណែក២៤,៤ភាគរយដល់ផលិតផលក្នុងស្រុកសរុប(GDP)ក្នុងឆ្នាំ២០២១៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here