ផ្សារហ៊ុនវៀតណាមខាតបង់ទឹកប្រាក់ធ្ងន់ធ្ងររជាង២០ពាន់លានដុល្លារគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ

ដោយៈ សុខុម

ហាណូយ: ផ្សារហ៊ុនវៀតណាម បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតនៅពាក់កណ្ដាលខែវិច្ឆិកា នេះ ដោយការសម្រុកលក់ចេញបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនជិត៤០០ ក្នុងទីផ្សារទាំងមូលធ្លាក់ថ្លៃហៅមិនឮ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា។

សន្ទស្សន៍ផ្សារហ៊ុនវៀតណាម VN-Index បានបញ្ចប់ការជួញដូរកាលថ្ងៃទី១៥ ខែវិច្ឆិកា នៅត្រឹម៩១១.៩ពិន្ទុ ដែលជាការធ្លាក់ចុះ៣,១%ពីកម្រិតមួយថ្ងៃមុននេះ ដែលជាការធ្លាក់ថ្លៃខ្លាំងបំផុត ក្នុងរយៈពេលជាង២៥ខែចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ការធ្លាក់ថ្លៃ៣,១%បានធ្វើឱ្យផ្សារហ៊ុនវៀតណាម ក្លាយទីផ្សារដែលរងការខាតបង់ធំបំផុតនៅអាស៊ី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ផ្សារហ៊ុនសំខាន់ៗភាគច្រើននៅក្នុងតំបន់ ដូចជា ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ជាដើមបានស្ទុះងើបឡើងវិញយ៉ាងល្អកាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីដើមខែវិច្ឆិកា សន្ទស្សន៍ផ្សារហ៊ុនវៀតណាម បានបាត់បង់១១៦ពិន្ទុទៀត ដែលស្មើនឹងការធ្លាក់ចុះ១១,៣%។ ការខាតបង់ទាំងនេះគឺស្មើគ្នា នឹងការធ្លាក់ចុះក្នុងខែកញ្ញាទាំងមូល ជាពេលដែលសន្ទស្សន៍ផ្សារហ៊ុននេះបានធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល៣១ខែ ចាប់តាំងពីវាបានធ្លាក់ចុះដល់បាតអំឡុងវិបត្តិកូវីដ-១៩។

ផ្សារហ៊ុនវៀតណាម ថែមទាំងបានក្លាយជាផ្សារហ៊ុន ដែលមានសន្ទ ស្សន៍អន់បំផុតរបស់ពិភពលោក ក្នុងពេល១សប្ដាហ៍ ១ខែ ១ ត្រីមាស ១ឆមាស និង១ឆ្នាំទៀតផងចាប់តាំងពីដើមឆ្នាំមក។

ការដាំក្បាលចុះយ៉ាងខ្លាំង ចាប់តាំងពីដើមខែវិច្ឆិកា មកនេះធ្វើឱ្យផ្សារហ៊ុនវៀតណាម ខាតបង់យ៉ាងធ្ងន់ធ្ងររហូត ដល់ទៅ២០,២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែកន្លះខែសោះ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here