ប្រទេសកម្ពុជារកចំណូលបានជិត៤០០លានដុល្លារពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល១០ខែ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជារកចំណូលបានជាង៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែតុលា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៣៩៦.១៤០.៦៣៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន៣៩២.៥៦៤.៥៩៧ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន៣.៥៧៦.០៣៧ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន២៦៤.៩១៨តោន ថយចុះចំនួន១.៥៥២តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១.៦៨៣ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែតុលា ឆ្នាំ២០២២ ថ្លៃ១.៤៨២ដុល្លារក្នុងមួយតោន បានថយចុះចំនួន១៨១ដុល្លារ ក្នុងមួយតោន ស្មើនឹង១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤.០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១០.១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣.៨៥១ហិកតា ស្មើនឹង២៣%៕

LEAVE A REPLY

Please enter your comment!
Please enter your name here