ADB អនុម័តប្រាក់កម្ចី៥០០លានដុល្លារដល់សហគ្រាសរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី

ដោយ: លាងហួរ

ហ្សាការតា: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយ ចំនួន៥០០លានដុល្លារអាមេរិក ដើម្បីគាំទ្រការកែទម្រង់ដល់សហគ្រាសរដ្ឋ (SOE) នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ប្រាក់កម្ចីនេះនឹងគ្របដណ្តប់លើកម្មវិធីដំបូង ក្រោមកម្មវិធីកំណែទម្រង់សហគ្រាសរដ្ឋ ដែលនឹងជួយដល់ប្រទេសឥណ្ឌូណេស៊ី ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពធន់នៃសហគ្រាសរដ្ឋ និងពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ ADB បានឱ្យដឹងថា កម្មវិធីនេះស្រប តាមផែនការសហគ្រាសរដ្ឋដ៏ទូលំទូលាយ និងមានមហិច្ឆតារបស់រដ្ឋាភិបាល ដែលផ្តល់កំណែទម្រង់ទូលំទូលាយ ដើម្បីផ្លាស់ប្តូរសហគ្រាសរដ្ឋ និងធានាថា ពួកគេរួមចំណែកគោលដៅរបស់ឥណ្ឌូណេស៊ី ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

ធនាគារ ADB បានបន្ថែមថា កម្មវិធីកំពុងគាំទ្រដល់ការកាត់បន្ថយចំនួនសហគ្រាសរដ្ឋ SOE ដែលតម្រូវឱ្យពួកគេផ្តោតលើប្រតិបត្តិការស្នូលរបស់ពួកគេ ដើម្បីឱ្យមានលទ្ធភាពហិរញ្ញវត្ថុ និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗ ហើយក៏គាំទ្រវិធានការ ដើម្បីកែលម្អគុណភាពនៃក្រុមប្រឹក្សា ពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុ និងការបង្ហាញ និងជួយសហគ្រាសរដ្ឋ ផ្លាស់ប្តូរទៅជាគំរូអាជីវកម្មដែលសមស្របនឹងអាកាសធាតុ។

​​ADB បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ ប្រទេសឥណ្ឌូណេស៊ីមានសហគ្រាសរដ្ឋ ច្រើនជាង១០០កន្លែង ជាមួយនឹងទ្រព្យសរុបចំនួន៦១០ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល៥៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ផ្តល់សេវាសាធារណៈជាច្រើន រួមមាន អគ្គិសនី ឱសថ សេវានាវាចរណ៍ផ្លូវអាកាស ការចែកចាយអាហារ និងភស្តុភារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here