ដោយ: លាងហួរ
ភ្នំពេញ: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ថា នៅក្នុងរយៈពេល១០ខែ ដំបូងនៃឆ្នាំ២០២២នេះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក សម្រេចបានទំហំទឹកប្រាក់ចំនួន៧,៦១ពាន់លានដុល្លារអាមេរិក។
ផលិតផលនាំចេញរបស់កម្ពុជាភាគច្រើន មានដូចជា វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ បន្ទះក្តារ និងផលិតផលកសិកម្ម។
ចំណែកទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិករួមមានរថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ។
ប្រទេសដែលកម្ពុជានាំចេញទៅកាន់ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសវៀតណាមដែលទំហំទឹកប្រាក់ ចំនួន១,៦៦៤ពាន់លានដុល្លារ ប្រទេសជប៉ុន មានចំនួន៩៨៨លានដុល្លារ ប្រទេសចិន ចំនួន៩៨៧លានដុល្លារ កាណាដាចំនួន៩៤៥លានដុល្លារ អាល្លឺម៉ង់ ចំនួន៩១៤លានដុល្លារ និងចក្រភពអង់គ្លេសចំនួន៧៦៣លានដុល្លារ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិកបានរីកចម្រើនយ៉ាងខ្លាំង។
នៅឆ្នាំ២០២១ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបានជាង៧,៨២៦ពាន់លានដុល្លារ ដែលកម្ពុជាបាននាំចេញមានចំនួន៧,៤៩ពាន់លានដុល្លារ ខណៈសហរដ្ឋអាមេរិក បាននាំចូលទំនិញក្នុងទំហំទឹកប្រាក់ជាង៣៣៦លានដុល្លារ។
នៅក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២២នេះ ប្រទេសកម្ពុជាសម្រេចបាន ទំហំទឹកប្រាក់ចំនួន១៨,៧៤៧ពាន់លានដុល្លារ ពីការនាំចេញជាមួយប្រទេសដៃគូធំៗ ដោយកើនឡើង១៩,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕