លោកឧកញ៉ាហួត អៀងតុងបញ្ជាក់ចំណុចគួរពិចារណាចំនួន២មុននឹងទទួលយកកម្ចីពីធនាគារឬមីក្រូហិរញ្ញវត្ថុ

 ដោយៈ លក្ខិណា

ភ្នំពេញៈ មានមនុស្សជាច្រើន បានយកលុយពីធនាគារមកប្រើប្រាស់និងបានធ្វើឱ្យពួកគេរីកចម្រើន តែក៏មានមនុស្សមិនតិចទេ ដែលយកលុយធនាគារមកប្រើប្រាស់ ធ្វើឱ្យជាប់បំណុលកាន់តែច្រើន ឬហៅថាបំណុលវ័ណ្ឌក ។

នៅថ្ងៃនេះយើងនឹងលើកយកគំនិតគួរពិចារណា២ ចំនុចមកផ្ដល់ជាចំណេះដឹងដល់អ្នកអាន ក៏ដូចជាប្រជាពលរដ្ឋ មុននឹងសម្រេចចិត្តយកកម្ចីពីធនាគារឬពីគ្រឹះស្ថានហិរញ្ញវត្ថុមកប្រើប្រាស់។

លោកឧកញ៉ាហ៊ួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា មុននឹងសម្រេចចិត្តទៅរកខ្ចីបុលពីបងប្អូនក៏ដោយ ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុក៏ដោយ គឺត្រូវសួរខ្លួនឯងជាមុនថា “តើយកលុយនោះមកធ្វើអ្វី អាជីវកម្មអ្វី ដើម្បីឱ្យការយកលុយនោះមានប្រសិទ្ធភាព”។ លោកបន្តថា “ត្រូវគិតពីគោលបំណងរបស់ខ្លួនឱ្យបានច្បាស់លាស់ ដូចជាយកលុយមកប្រកបរបរនោះ ត្រឹមត្រូវតាមច្បាប់ដែរទេ មានលំនឹងឬស្ថេរភាពដែរឬទេជាដើម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា មុននឹងយកលុយនោះមកប្រើប្រាស់ ក៏ត្រូវគិតផងដែរពីហានិភ័យនៃអាជីវកម្ម ដែលយើងនឹងយកលុយគេមកប្រើប្រាស់ ហើយបើសិនជាមានហានិភ័យហើយ តើយើងចេះគ្រប់គ្រងឬក៏គ្រប់គ្រងហានិភ័យនោះយ៉ាងដូចម្ដេច។

លោកឧកញ៉ាហួត អៀងតុងបានបន្តទៀតថា នៅពេលដែលបានលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុហើយ គឺត្រូវយកលុយនោះមកប្រើឱ្យចំគោលដៅ ឬប្រើឱ្យចំនូវគោលបំណង ដែលយើងបានដាក់ពាក្យស្នើសុំ តែបើសិនជាយើងយកលុយដែលខ្ចីមកនោះ ទៅប្រព្រឹត្តិល្បែងស៊ីសងផឹកស្រា ប៉ោលែ និងចាយវាយខុសពីអ្វីដែលបានដាក់ស្នើនោះ វានឹងអាចធ្លាក់ក្នុងបំណុលវ័ណ្ឌក នឹងអាចគ្មានលទ្ធភាពសងត្រលប់ទៅម្ចាស់បំណុលវិញ។

លោកឧកញ៉ាបន្ថែមថា “ការខ្ចីលុយអ្នកដទៃ ឬខ្ចីលុយពីធនាគារមកប្រើប្រាស់ក្នុងអាជីវកម្ម មិនគួរខ្ចីច្រើនពេកទេ គឺខ្ចីកាន់តែតិចកាន់តែល្អ ហើយព្យាយាមរកប្រភពទុនខ្លួនឯង ឬលុយរបស់ខ្លួនឯងដោយមិនចាំបាច់យកលុយអ្នកដទៃ ដែលត្រូវបង់ការប្រាក់ត្រលប់ទៅវិញរៀងរាល់ខែ”។ លោ​ក​បន្តថា “បើសិនជាយើងមិនសូវមានដើមទុន ការយកលុយធនាគារឬមីក្រូហិរញ្ញវត្ថុ ឬក៏ពីអ្នកណាក៏ដោយ មិនគួរឱ្យលើសពី៥០ភាគរយ នៃដើមទុនសរុបអាជីវកម្មឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here