រយៈពេល៥ខែចុងក្រោយគ្រឹះស្ថានហិរញ្ញវត្ថុអនុម័តកម្ចីជូនអាជីវកម្មទេសចរណ៍ចំនួនជាង២៧លានដុល្លារអាមេរិក

 ដោយៈ លក្ខិណា

ភ្នំពេញៈ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍កម្ពុជា ឡើងវិញក្រោយវិបត្តិកូវីដ១៩បានធូរស្រាល រដ្ឋាភិបាលបានសហការជាមួយគ្រឹះស្ថានហិ​រញ្ញវត្ថុក្នុងស្រុក បញ្ចេញកញ្ចប់ថវិកា១៥០លានដុល្លារអាមេរិក ផ្ដល់ជូនដល់ម្ចាស់អាជីវកម្មទេសចរណ៍ប្រើប្រាស់តាមតម្រូវការ។

បើគិតចាប់តាំងពីខែឧសភា ដល់ថ្ងៃទី១៧ តុលា ២០២២ គ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តកម្ចីជូន ម្ខាស់អាជីវកម្មទេសចរណ៍ចំនួន២០៧ ទីតាំងមានទឹកប្រាក់ជាង២៧លានដុល្លារអាមេរិក។

ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារ និងបដិសណ្ឋាគារកាលពីព្រឹកថ្ងៃទី១៦វិច្ឆិកា ២០២២នេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តកម្ចី ជូនអាជីវកម្មទេសចរណ៍ចំនួន២០៧ទីតាំង ដែលត្រូវជាទឹកប្រាក់ចំនួន២៧,២៤លានដុល្លារអាមេរិក ស្មើនឹង១៨,១៦% នៃទំហំឥណទានសរុប ៣.) កម្មវិធីពង្រឹងសមត្ថភាពបុគ្គលិក និងអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ តាមរយៈមូលនីធិអភិវឌ្ឍជំនាញបណ្តុះបណ្តាលជូនបុគ្គលិកក្នុងវិស័យទេសចរណ៍ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ឆ្នាំ២០២២ ជាឆ្នាំដំបូងនៃការចាប់ផ្តើមងើបឡើងវិញ នៃវិស័យទេសចរណ៍ និងជាដំណាក់នៃការស្តារឡើងវិញនៃវិស័យនេះ ។

គួរកត់សម្គាល់ថា ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ យើងសង្កេតឃើញថា ចំនួនភ្ញៀវទេស​ចរជាតិ និងអន្តរជាតិចាប់ផ្តើមមានកំណើនឡើងវិញ។ សម្រាប់រយៈពេល ៩ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១,២លាននាក់ កើនឡើង៨៦១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ត ក្នុងប្រទេសជាង៩,៦លាននាក់ កើនឡើងក្នុងអត្រា៤៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។

លោកថោង ខុនបានបន្ថែមថា សម្រាប់ការប៉ាន់ស្មានពេញមួយឆ្នាំ២០២២នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់។ ក្នុងរយៈពេល ០៥ឆ្នាំខាងមុខ (ឆ្នាំ២០២៣-២០២៨) ក្រសួងទេសចរណ៍បានដាក់ចេញនូវគោលនយោបាយ ផែនការ និងយុទ្ធសាស្រ្តធំៗក្នុងការគ្រប់គ្រង និងអភិវ​ឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព។ កម្ពុជា នឹងទាក់ទាញទេសចរអន្តរជាតិឲ្យបានប្រមាណ៧,៥លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់ នៅឆ្នាំ២០២៨ខាងមុខ ។

លោកសុខ វឿនប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានថ្លែងនាពេលថ្មីៗនេះផងដែរថា ទាំងទំហំឥណទាន និងប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឃើញថា បន្តមានការលូតលាស់នៅក្នុងវិបត្តិកូវីដ១៩ នឹងអាចបន្តរីកលូតលាស់ ក្រោយពេលអាជីវកម្មនានា ក្នុងប្រទេសចាប់ផ្ដើមមានសកម្មភាព ក្រោយពីរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here