កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ២,៣ភាគរយនៃGDPសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ

ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ មន្រ្តីជានខ្ពស់ក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ។

លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះក្នុងឱកាសចូលរួម ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្រប​ខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុកាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងមកនេះ។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោ​បាយយផែនការនានា ជាអាទិ៍យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកប​ដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍ ប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកសាយ សំអាល់ បានអំពាវនាវឱ្យប្រទេសបញ្ចេ​ញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យា ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

លោកសាយ សំអាល់បានបន្តថា ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានអាស៊ានប្តូរវន្ត កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព។

លោកបន្តថា “ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច០២ទស្សវត្សរ៍ចុងក្រោយ កម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និង​កំពុង​វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់”។លោកបន្ថែមថា “ប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មី ក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here