ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារនៅស្រុកវាលវែងស្នើឲ្យអភិបាលខេត្តជួយអន្តរាគមន៍៍ទាក់ទងទំនាស់ដីធ្លី

ដោយៈ ម៉ាលីនណា

       ពោធិសាត់ៈ កំនើនតម្លៃដីធ្លី និងការកើនឡើងតម្លៃដីបានធ្វើឲ្យបាតុភាពទំនាស់ដីធ្លីកើនឡើង នៅក្នុងមូលដ្ឋានជាច្រើនក្នុងស្រុកវាលវែង ខណៈពេលប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីអភិបាលខេត្ត និងសម្តចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារ រស់នៅភូមិក្រាំងរងៀង ភូមិចំការជ្រៃខាងជើង និងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះថា មន្រ្តីយោធា មន្រ្តីនគរបា​លមូលដ្ឋាន និងបុគ្គលមួយចំនួនទៀត ដែលបានកំពុងធ្វើការងារឲ្យក្រុមហ៊ុនមួយ បានគំរាមកំហែងប្រជាពលរដ្ឋ និងបានបំពានយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ជាង១០ឆ្នាំមកហើយ ដោយពួកមន្រ្តីទាំងនោះ បានយកឈ្មោះថ្នាក់ដឹកនាំជាច្រើន ដើម្បីធ្វើជាខ្នងបង្អែកនិងគំរាមប្រជាពលរដ្ឋ។

តំណាងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើ បាននិយាយដោ​យមិនហ៊ានបញ្ចេញឈ្មោះថា “ពួកគេបានយកថ្នាំបាញ់ និងបោះបង្គោលទៅលើដីរបស់ពួកគាត់ទាំងកំរោល ដោយគំរាមថាបើសិនជាមិនលក់ឬបង្កបញ្ហាអ្វី ក៏ដីរបស់ពួកគាត់នឹងត្រូវរឹបអូសយក ដោយគ្មានសំណងនោះឡើ​យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្រ្តីយោធា និងនគរបាលដែលបាន និងកំពុងគំរាមប្រជាពលរដ្ឋ ត្រូវបានតំណាងប្រជាពលរដ្ឋបង្ហាញអន្តសញ្ញាណ ដូចជា លោកហោ គឹមភាព ជាមន្រ្តីនគរបាលឃុំអន្លង់រាប លោកស៊ិន ឡនជាមន្រ្តីយោធានៅមូលដ្ឋាន និងភរិយាឈ្មោះហៀង សុធីតា និងឈ្មួញដីម្នាក់ទៀតមានឈ្មោះឆេង។

ការទាក់ទងសុំការបំភ្លឺពីមន្រ្តីទាំងនោះ មិនបានជោគជ័យនៅឡើយទេ ប៉ុន្តែយើងនឹងរង់ចាំការឆ្លើយតប ឬបកស្រាយបំភ្លឺទាក់ទងនឹងការចោទប្រកា

ន់នេះ។

តំណាងប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថា មេភូមិក្រាំងងៀង ដែ​លបានរងគ្រោះដោយសារការរំលោភដី ក៏បានរងគំរាមកំហែងពីថ្នាក់ដឹកនាំស្រុកមួយចំនួនផងដែរ ហើយគេហទំព័រPropertyarea.aia បានទំនាក់ទំនងទូរស័​ព្ទទៅមេភូមិ និងសាកសួរព៌តមានតាមបណ្តាញតេឡេក្រាម ប៉ុន្តែមេភូមិរូបនោះមិនហ៊ានឆ្លងឆ្លើយ និងលើកទូរស័ព្ទឡើយ ដោយតំណាងប្រជាពលរដ្ឋអះអាងថា គាត់មិនហ៊ានលើកទូរស័ព្ទដោយសារ គាត់ត្រូវរងការគំរាមកំហែង។

លោកសោម សារី និងសមាជិកគ្រួសាររបស់គាត់ទាំងអស់ បានរងគ្រោះពីការរំលោភបំពាន ដីពីសំណាក់ក្រុមមន្រ្តីខាងលើ មិនលើកទូរស័ព្ទនោះទេ ទោះបីជាមានការខលចូលជាច្រើនដងក្តី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយការពារទីលានចាក់សំរាម ដែលមានទំហំប្រមាណ២០ហិកតានៅក្នុងតំបន់នេះផងដែរ។

តំណាងប្រជាពលរដ្ឋបានអះអាងថា ប្រជាពលរដ្ឋនឹងនាំយកពាក្យបណ្តឹងទាក់ទងនឹងទំនាស់នេះ មកកាន់ក្រសួងមហាផ្ទៃនៅសប្តាហ៍ក្រោយនេះ ប្រសិនបើអាជ្ញាធរមូល​ដ្ឋាន និងមន្រ្តីពាក់ព័ន្ឋ មិនគិតគូដោះស្រាយបាតុភាពទំនាស់នេះ​។

លោកទូច ឈុំមេឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃដដែលនេះថា ដីនៅក្នុងមូលដ្ឋា​ននេះ ប្រជាពលរដ្ឋភាគច្រើន បានកាន់កាប់តាំងពីក្រោយសមាហរណកម្មមកម្លេះ ប៉ុន្តែមានប្រជាពលរដ្ឋមួយប្រមាណ៦០ភាគរយប៉ុណ្ណោះ មានប្លង់កាន់កាប់ជាប្រភេទប្លង់ទន់។ លោកបន្តថា ជាមួយនឹងបាតុភាពនេះ អាជ្ញាធរឃុំ បានជួយសម្របសម្រួលការងារមួយចំនួនហើយ ប៉ុន្តែមួយចំនួនទៀតមិនទាន់បានដោះស្រាយនៅឡើយ។

លោកបន្តថា “ក្រោយពេលក្រុមហ៊ុនមួយនោះបានមកដល់ បានឈូសឆាយប៉ះពារដីមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតវ៉ា មួយចំនួនទៀតបានភ័យព្រួយ ទោះបីក្រុមហ៊ុនមិនទាន់បានឈូសឆាយទៅដល់នៅឡើយក្តី”។លោកបន្តថា “ក្នុងនាមអាជ្ញាធរមូលដ្ឋាន ខិតខំសម្របសម្រួ​លណាស់លើការងារនេះ ប៉ុន្តែយើងត្រូវធ្វើជាជំហ៊ានៗ”។​​

​​អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ លោកជាវ តាយមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

  

 

LEAVE A REPLY

Please enter your comment!
Please enter your name here