នាយករដ្ឋមន្ត្រីសិង្ហបុរី: ចិន ត្រូវដោះស្រាយបញ្ហាឱ្យចប់សិន មុននឹងចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មCPTPP

ដោយៈ សុខុម

ភ្នំពេញ: នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុង បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ថា ប្រទេសចិន ត្រូវដោះស្រាយរាល់បញ្ហារបស់ខ្លួន ជាមួយបណ្ដាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ជាមុនសិន មុននឹ​ងការដាក់ពាក្យរបស់ខ្លួនសុំចូលរួម ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអាចបន្តដំណើរការទៅមុខ។

លោក លី សៀនឡុង បានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី នៅពេលបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ។

ឆ្លើយតបទៅនឹងសំណួរ អំពីការព្យាយាមរបស់មហាយក្សចិន សុំចូលរួមក្នុងកិច្ចព្រមព្រៀងពណិជ្ជកម្មCPTPP លោក លី សៀនឡុង មានប្រសា​សន៍ថា លទ្ធផលនៃការដាក់ពាក្យស្នើសុំចូលរបស់ប្រទេសចិន គឺ “គេមិនទាន់ដឹងទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសសិង្ហបុរី បានប្រកាសជំហរថា “ខ្លួនគាំទ្រចំណាប់អារម្មណ៍របស់ប្រទេសចិន ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ជាគោលការណ៍”។

លោកលី សៀនឡុង បានថ្លែងបន្ថែមទៀតថា “ជាការពិតណាស់ ប្រ​ទេសចិន នឹងត្រូវបំពេញតាមស្តង់ដារខ្ពស់ ដែលពីគ្រប់ប្រទេសជាសមាជិកចង់បាន ប៉ុន្តែនោះជាអ្វីដែលប្រទេសចិន និងប្រទេសជាសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង CPTPP ត្រូវដោះស្រាយជាមួយគ្នា”។

CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមាន១១ប្រទេសចូលរួម ដូចជា សិង្ហបុរី កាណាដា អូស្ត្រាលី ព្រុយណេ ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ និងវៀតណាម។

ប្រទេសចិន បានដាក់ពាក្យសុំចូលរួម ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះកាលពីខែកញ្ញា ឆ្នាំមុន។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម៏ធំនេះ តម្រូវឱ្យប្រទេសជាសមាជិកប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ស្តីពីសិទ្ធិការងារ ការការពារកម្មសិទ្ធិបញ្ញា និងច្បាប់ពាណិជ្ជកម្មរួមទាំងលក្ខខណ្ឌផ្សេងៗទៀត៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here