ក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូខ្នាតយក្ស FTX ប្រកាសក្ស័យធន បង្កចលាចលពេញទីផ្សារ

ដោយៈ សុខុម

ញូវយ៉ក: ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូ ឬ រូបិយប័ណ្ណឌីជីថលខ្នាតយក្ស FTX ដែលជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ បានដាក់ពាក្យសុំក្ស័យធននៅសហរដ្ឋអាមេរិក ដោយស្វះស្វែងសុំឱ្យតុលាការជួយការពារ ខណៈខ្លួនកំពុងព្យាយាមស្វែងរកមធ្យោបាយ ដើម្បីប្រគល់ប្រាក់ត្រលប់ទៅអតិថិជនរបស់ខ្លួនវិញ។

ក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូធំបំផុតទី២ របស់ពិភពលោកមួយនេះទម្លាយឱ្យដឹងថា លោកSam Bankman-Fried វ័យ៣០ឆ្នាំ ដែលមានរហស្សនាមថា “ស្ដេចគ្រីបតូ” ក៏បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ខ្លួនផងដែរ ក្រោយពីក្រុមហ៊ុន FTX របស់គាត់បានដួលរលំ ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ ធ្វើឱ្យទីផ្សារគ្រីបតូដែលមានបញ្ហារួចទៅហើយបាត់បង់ទំនុកចិត្តកាន់តែខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្តេចគ្រីបតូរូបនេះបានសរសេរបង្ហោះ លើគណនីបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា “ជាថ្មីម្ដងទៀត ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលយើងធ្លាក់ដល់ដំណាក់កាលនេះ”។

នៅមុនពេលការដួលរលំ លោក Bankman-Fried ដែលមានទ្រព្យសម្បត្តិសរុបជាង១៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍មុន បានជាប់ឈ្មោះ ក្នុងចំណោមកំពូលជើងខ្លាំងខាងគ្រីបតូ ហើយត្រូវបានគេប្រៀបប្រដូចទៅនឹងកំពូលមហាសេដ្ឋី ផ្នែកវិនិយោគដ៏ល្បីល្បាញ គឺលោក Warren Buffett ថែមទៀតផង។

ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមកាលពីសប្តាហ៍កន្លងទៅដែលថា ក្រុមហ៊ុន FTX និងក្រុមហ៊ុនផ្សេងៗទៀត ដែលគ្រប់គ្រងដោយលោក Bankman-Fried កំពុងមានបញ្ហាជាប់គាំងហិរញ្ញវត្ថុ បានបណ្ដាលឱ្យអតិថិជនយ៉ាងច្រើនរបស់ខ្លួនសម្រុកដកប្រាក់។

ប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ លោក Bankman-Fried បានព្យាយាមរៀបចំ កញ្ចប់ថវិកាសង្គ្រោះស្ថានការណ៍ ប៉ុន្តែត្រូវបរាជ័យ ដែលធ្វើឱ្យក្រុមហ៊ុន FTX ខំប្រវេប្រវាធ្វើយ៉ាងណាប្រមូលប្រាក់ ឱ្យបានរាប់ពាន់លានដុល្លារ ខណៈអតិថិជនជាច្រើនរបស់ខ្លួន មិនអាចដកប្រាក់បាន រហូតឈានដល់ការដាក់ពាក្យប្រកាសក្ស័យធនតែម្ដង៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here