មន្រ្តីជាន់ខ្ពស់កម្ពុជាស្នើADB បន្តគាំទ្រគម្រោងអាទិភាពសំខាន់ៗមួយចំនួនដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ សុផារី

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានស្នើ ADB បន្តគាំទ្រគម្រោងលើវិស័យអាទិភាព នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងជំរុញការធ្វើពាណិជ្ជូបនីយកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការគ្រប់គ្រងធនធានទឹក ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Masatsugu Asakawaប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានស្នើ ADB បន្តគាំទ្រគម្រោងក្នុងវិស័យអាទិភាពមួយចំនួនរួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀង និងជំរុញការធ្វើពាណិជ្ជូបនីយកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោ​យផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់​គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃដើម ថ្លៃវិនិយោគ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាង​សង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ស្របតាមផែនការមេច្បាស់លា​ស់ ដើម្បីគាំពារជីវភាពរបស់ប្រជាកសិករ ការលើកកម្ពស់កំណើនក្នុងវិស័យកសិកម្ម ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

លោកបានបន្ដថា “រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំ និងអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពរបស់ខ្លួន ដើម្បីគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ជាពិសេសកាត់បន្ថយការរងសម្ពា​ធនៃអតិផរណារជាសាកល ជាមួយនឹងការគាំទ្រការស្តារសម្បទា និងការហក់ឡើងនៃកំណើនសេដ្ឋកិច្ច”។

លោក Masatsugu Asakawa បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំជាមួយ ADB ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។

លោកបន្តថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតសម្រាប់រយៈពេលខាងមុខ សំដៅបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចដំណើ​រការអភិវឌ្ឍន៍របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here