សេដ្ឋកិច្ចរបស់ទីក្រុងហុងកុងដាំក្បាលចុះចំនួន៣ត្រីមាសជាប់ៗគ្នា

ដោយ: លាងហួរ

ហុងកុង: សេដ្ឋកិច្ចរបស់ទីក្រុងហុងកុង បានធ្លាក់ចុះ៤,៥ភាគរយនៅក្នុងត្រីមាសទី៣ ធៀបនឹងឆ្នាំ២០២១ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់ជា សកលនិងការធ្លាក់ចុះនៃពាណិជ្ជកម្ម។

វាគឺជាការធ្លាក់ចុះក្នុងត្រីមាសទី៣ជាប់ៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ផលិតផលក្នុងស្រុកសរុប(GDP) របស់ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ហើយនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុត​​ ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលហុងកុង បានបន្ទាបការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ខ្លួន មកនៅត្រឹមដក៣,២ភាគរយ ពីចន្លោះ០,៥ភាគរយ និងដក០,៥ភាគរយ ដោយលើកឡើងពីទស្សនវិស័យ កំណើនសេដ្ឋកិច្ចពិភពលោកដែលកាន់តែអាប់អួរ។

តាមរយៈសេចក្តីថ្លែងការរបស់អ្នកនាំពាក្យ រដ្ឋបាលទីក្រុងនេះបានបង្ហាញថា បរិយាកាសខាងក្រៅ ដែលកំពុងតែអាប់អួរខ្លាំងឡើង នឹងបន្តបង្កជាសម្ពាធយ៉ាងខ្លាំង​លើការនាំចេញរបស់ហុងកុង ហើយភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់​​ លើជំងឺរាតត្បាតនឹងបង្កជាហានិភ័យបន្ថែមមួយកម្រិតទៀត។

លោក Samuel Tse សេដ្ឋវិទូនៅធនាគារDBS Bank បានមានប្រសាសន៍ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ហុងកុង នៅតែមានភាពអាប់អួរនៅលើគ្រប់វិស័យ ប្រសិនបើព្រំដែននៅតែបន្តបើក ដោយផ្នែកខ្លះៗនៅក្នុងត្រីមាសទី៤ ហើយពាណិជ្ជកម្មក្រៅប្រទេស នឹងបន្តប្រឈមមុខនឹងសម្ពាធដដែល។

កាលពីខែកញ្ញាកន្លងទៅ ទំហំនៃការនាំចេញទំនិញសរុបរបស់ហុងកុងបានថយចុះ១៥,៣ភាគរយ ធៀបនឹងឆ្នាំមុន ដោយទំហំនៃការនាំចេញសរុបទៅកាន់សហរដ្ឋអាមេរិក បានដាំក្បាលចុះ៣០,៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here