ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញពីសុទិដ្ឋិនិយមក្នុងការជួយ ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

  ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកសាស្ត្រាចារ្យក្លោស ឆ្វាប់ នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងកម្ពុជា និងWEF។

លោកប្រធានវេទិកាសេដ្ឋកិ​ច្ចពិភពលោក បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយសម្តេចតេជោ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោហ៊ុន សែន បានលើកឡើងអំពីជោគជ័យ ដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពា​ល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានអបអរសាទរកម្ពុជា ចំពោះភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងបានវាយតម្លៃខ្លស់ចំពោះភាពជាអ្នកដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការណ៍ ប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេង ក្នុងការសម្រេចបាននូវអត្រាខ្ពស់បំផុត នៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់បានលើកឡើងថា “WEF មានមធ្យោបាយជាច្រើន ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា”។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសាស្ត្រាចារ្យក្លោស ឆ្វាប់បានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-WEF បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here