ដោយៈ លក្ខិណា
ភ្នំពេញៈ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ ក្នុងភាពវិជ្ជមាន។
សម្ដេចតេជោ មានប្រសាសន៍ថា ការរាតត្បាតនៃកូវីដ១៩បានកើតឡើងជិត៣ឆ្នាំមកហើយ ចាប់តាំងពីដើមឆ្នាំ២០២០មក ។ ជាមួយនឹងការព្យាយាមនិងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមកំហែង ជាសកលនេះ ហើយបានចាប់ផ្ដើមដំណើរ ការស្ដារឡើងវិញនូវសក្មភាពសង្គម សេដ្ឋកិច្ច ។
សម្ដេចតេជោបន្តថា “ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ច អាស៊ានបូក៣ ( AMRO ) កាលពីខែតុលាកន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗ នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុអត្រា៥,៣ភាគរយ និង៤,៩ភាគរយក្នុងឆ្នាំ ២០២២និងឆ្នាំ ២០២៣រៀលគ្នា ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃសកលលោក”។
សម្ដេចបានបន្ថែមថា ខណៈដែលយើងកំពុងសប្បាយរីករាយ ជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើន ប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោកនៅមានភាពផុយស្រួយ និងបែកខ្ញែកនៅឡើយ ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វ ដ៏ប្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រម ប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈម ជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ៕