ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យនាំផលិតផលក្នុងស្រុកមកតាំងលក់ក្នុងពិព័រណ៍ទេសចរណ៍នានា

ដោយ៖ សូរិយា

ព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។

យោងតាមផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែវិច្ឆិកា បានឱ្យដឹងថានាឱកាសចូលរួមទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជា មកដាក់តាំងពិព័រណ៍​ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានថ្លែងថា “ការនាំយកផលិតផលក្នុងស្រុកមកតាំងបង្ហាញជូនភ្ញៀវទេសចរ ជាការចេញចូលនៅនឹងកន្លែង ម្យ៉ាងទៀតភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកឃើញ ផលិតផលនៅកន្លែងតាំងពិព័រណ៍ ពួកគាត់នឹងអាចដឹងពីទីតាំងផលិត និងលក់ចែកចាយនៅតាមទីផ្សារផ្សេងទៀត”។

លោករដ្ឋមន្ត្រីបានបន្តថា ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញមួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អត្រូវមាន ផលិតផលល្អនិងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។

ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។ក្នុងព្រឹត្តិការណ៍នេះមានស្ដង់​ផលិតផលចម្រុះសរុបចំនួន២៥០ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិជាអ្នកទិញចូលរួមជិត៧៥ក្រុមហ៊ុនព្រមទាំងមានការចូលរួមពីសំណាក់ធុរជនអន្តរជាត​ចំនួន៨ប្រទេស​ក្នុងតំបន់អាស៊ាន ចិន ឥណ្ឌា តួកគី ជាដើម៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here