ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន នៅរសៀលថ្ងៃទី១១ វិច្ឆិកានេះ បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន។
កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុត របស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាន នៅគ្រប់កម្រិត ក្នុងន័យឆ្ពោះ ទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។
នៅមុនពេលឈានដល់កិច្ចប្រជុំទល់មុខគ្នា រវាងមេដឹកនាំកំពូលរបស់អាស៊ាន និងអាយប៉ានេះ នៅព្រឹកមិញនេះ លោកកិត្តិសេដ្ឋបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានចូលរួមផ្តល់នូវអនុសាសន៍មួយចំនួន ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួម របស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន នៅក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងសារអាយប៉ា នៅសណ្ឋាគារកាំបូឌីយ៉ាណា។
គណៈប្រតិភូសភា នៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូល ដែលជាទស្សនៈរួម ក្នុងនាមប្រទេសជាសមាជិកអាយប៉ា ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអាយប៉ា លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។
កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៉ីន ប្រទេសថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន។
ចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន១០លើករួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមប្រព័ន្ធនិម្មិត (ប្រព័ន្ធវីដេអូ)។ ឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានេះ។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំនៅរាជធានីភ្នំពេញ បានចាប់ផ្តើមហើយនៅថ្ងៃទី១០ ខែវិច្ឆិកានេះ។ ជាកិច្ចចាប់ផ្តើមដំណើរការនៃកិច្ចប្រជុំប្រចាំឆ្នាំ ដ៏មានសារៈសំខាន់នេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានដឹកនាំមេដឹកនាំសមាជិកអាស៊ានដទៃទៀត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ។
នៅរសៀលថ្ងៃដដែលនេះ ក្រៅតែពីការប្រជុំតទល់មុខជាមួយអន្តរសភាអាស៊ានហើយនោះ មេដឹកនាំអាស៊ាន ក៏នឹងជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបើកជាផ្លូវការ៕