លោកស៊ុន ចាន់ថុលបង្ហើបទំហំទឹកប្រាក់វិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវល្បឿនលឿនទី២របស់ប្រទេសកម្ពុជា ដែលតភ្ជាប់ពីរាជធានីភ្នំពេ​ញ ទៅកាន់ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រហែល១.៦៣៨លានដុល្លារអាមេរិក។

គំរោងផ្លូវដ៏សំខាន់នេះ នឹងមានការសាងសង់ស្ពានដ៏ធំមួយឆ្លងកាត់ទន្លេ ដែលទាំងផ្លូវទាំងស្ពាន មានប្រវែងជាង៥គីឡូម៉ែត្រផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេ​ញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាព្រឹកថ្ងៃទី១០ វិច្ឆិកា ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការចំណាយលើការវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ- បាវិតមានតម្លៃថោក ជាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដោយសារចម្ងាយផ្លូវខ្លីជាង ត្រឹមតែជាង១៣៨គីឡូម៉ែត្រតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា គម្រោងដ៏ធំមួយនេះ រំពឹងនឹងឈានទៅចុះហត្ថលេខាសម្បទាន ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិននៅក្នុងឆ្នាំ២០២៣ ខាងមុខ ដើម្បីឈាន ទៅបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ស្របពេលជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ជាកម្រិតផ្លូវអាស៊ានហាយវេលេខ១ (AH1) ដែលតភ្ជាប់ប្រទេសចិនមកកាន់ប្រទេសភូមា ថៃ កម្ពុជា និងវៀតណាម ដោយប្រទេសកម្ពុជាស្ថិតនៅកណ្តាល នៃតំបន់ប្រទេសជាប់ទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here