កម្ពុជាគ្រោងរៀបចំពិព៌ណផលិតផលខ្មែរនៅជប៉ុន និងស្នើភាគីជប៉ុនជួយជម្រុញអ្នកធុរកិច្ចមកវិនិយោគនៅកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបង្ហើបឲ្យដឹងថា កម្ពុជាគ្រោងរៀបចំពិព៌ណពាណិជហជកម្មផលិតផលខ្មែរ នៅប្រទេសជប៉ុននិងស្នើសុំភាគីជប៉ុនជួយជម្រុញអ្នកធុរកិច្ចជប៉ុនមកវិនិយោគនៅកម្ពុជា។

ព៌តមាននេះ ត្រូវបានលើកឡើងដោយលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការJETRO និងសហការី ដើម្បីជំរុញបរិយា​កាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង។

លោកប៉ាន សូរស័ក្តិបានគូសបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យ JETRO បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួល ក្នុងការពិនិត្យលទ្ធភាពសិក្សាបន្ថែមអំពី កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុន ដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ+១ និងវៀតណាម+១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។

ជាការឆ្លើយតប លោក Nobuhiko Sasaki បានថ្លែងអំណរគុណដល់កម្ពុជា សម្រាប់ការគាំទ្រយ៉ាងខ្លាំងលើRCEP ជាពិសេសក្រសួងពាណិ​ជ្ជកម្មដែលតែងតែគាំទ្រ ដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។

បន្ថែមពីនេះ លោកប្រធាន បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។

ជាមួយគ្នានេះ លោក Nobuhiko Sasaki ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹងRCEP ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។

លោកប្រធានបានបន្តថា អង្គការJETRO គ្រោងនឹងរៀបចំសិក្ខាសា​លា​ថៃ+១ នៅប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here