ដោយៈ សុខុម
ញូវយ៉ក: កំពូលមហាសេដ្ឋី Elon Musk មេក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញTesla Inc បានលក់ភាគហ៊ុន៣,៩៥ពាន់លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ប៉ុន្មានថ្ងៃក្រោយពីលោកបិទបញ្ចប់ កិច្ចសន្យាទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មាន Reuters បានគណនាឃើញថា ការលក់ចុងក្រោយនេះធ្វើឱ្យភាគហ៊ុនក្នុងក្រុមហ៊ុន Tesla ដែលលោក Elon Musk បានលក់មានចំនួនសរុបដល់ទៅប្រមាណ៣៦ពាន់លានដុល្លារ ហើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោកនៅសល់ភាគហ៊ុនប្រមាណ១៤%ទៀត នៅក្នុងក្រុមហ៊ុនផលិតរថយន្ត ដ៏មានតម្លៃបំផុតរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា។
ឯកសារដែលបោះផ្សាយ ដោយគណៈកម្មាធិការមូលបត្រអាមេរិក (U.S. Securities and Exchange Commission) បានបង្ហាញកាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះថា លោក Elon Musk បានលក់ភាគហ៊ុនចំនួន១៩,៥លានហ៊ុន នៅថ្ងៃពីថ្ងៃសុក្រ សប្ដាហ៍មុនដល់ថ្ងៃអង្គារក្នុងសប្ដាហ៍នេះ។
ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការបំភ្លឺជុំវិញការលក់ភាគហ៊ុន យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុនTesla មិនបានឆ្លើយតបនោះទេ។
ក្រុមអ្នកវិភាគរំពឹងទុកយ៉ាងទូលំទូលាយថា លោក Elon Musk នឹងលក់ភាគហ៊ុនក្នុងក្រុមហ៊ុនTesla បន្ថែមទៀត ដើម្បីប្រមូលលុយយកទៅទូទាត់ថ្លៃទិញយកក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter៕ Reuters៕