រដ្ឋាភិបាលនឹងដាក់ដំណើរការនូវថ្នាលឌីជីថលគន្លឹះនៅចុងសប្តាហ៍នេះ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ ​ជា​ផ្លូវការ​នូវ​ថ្នាល​ឌីជីថល​គន្លឹះ “Cambodia Distributed Ledger ហៅ​កាត់​ថា CamDL”នៅ​ថ្ងៃទី​១៣ ខែ វិច្ឆិកា ​ខាងមុខនេះ។

នេះជា​ជំហាន​ថ្មី​មួយ​នៃ​វិស័យ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា ក្នុងការ​ទាញយក​សក្តា​នុព​លពី​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍ នៅក្នុង​វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ​ជារួម​។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “តេជោ” ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដាក់ឱ្យ​ដំណើរការ​ថ្នាល​ឌីជីថល​គន្លឹះ Cambodia Distributed Ledger ហៅ​កាត់​ថា CamDL នៅ​ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០២២ នៅក្នុង “វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ” នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួង​បាន​លើកឡើងថា CamDL គឺជា​បណ្តាញ​ប្លុក​ឆេន​ចម្រុះ (Hybrid Permissioned Blockchain) ដែល​បង្កើតឡើង​ដើម្បី​ផ្តល់ជូន​សាធារណជន នូវ​ថ្នាល​មួយ​សម្រាប់​តេស្ត សិក្សា​ស្វែងយល់ ដក​ពិសោធ ឬ​អភិវឌ្ឍ​កម្មវិធី​ក្នុង​ទម្រង់Web 3.0 ឬ​កម្មវិធី​ដែល​ដំណើរការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​វិមជ្ឈការ (Decentralized Application – DApp) ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ ​នៅក្នុង​សហគមន៍ និង​នៅក្នុង​ឧស្សាហកម្ម​។​

ការដាក់​ឲ្យ​ដំណើរការ​ថ្នាល​ឌីជីថល​គន្លឹះ CamDL នឹង​រួមចំណែក​ក្នុងការ​ការពារ​អ្នកប្រើប្រាស់ ជំរុញ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ជំរុញឱ្យមាន​សុ​ចរិតភាព​ហិរញ្ញវត្ថុ ក៏ដូចជា​រួមចំណែក​ក្នុង​ការកសាង​ សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ បណ្តាញ​ប្លុក​ឆេន​ចម្រុះ សំដៅ​ដល់​បណ្តាញ​ប្លុក​ឆេន​ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​ មានលទ្ធភាព​ចូលទៅ​ប្រើប្រាស់​បាន​ដោយ​សេរី ប៉ុន្តែ​លក្ខ​ខណ្ឌ​តម្រូវ​ដើម្បី​ចូល​ប្រើប្រាស់​ត្រូវបាន​កំណត់។

ក្រសួងបញ្ជាក់ថា “ថ្នាល​នេះ នឹង​បំពេញ​តួនាទី​ជា​ប្រព័ន្ធ​អេកូឡូស៊ី​វិស័យ​ហិរញ្ញវត្ថុ​វិមជ្ឈការ​ដំបូង​គេ​នៅ​កម្ពុជា និង​ស្ថិតក្រោម​បញ្ញត្តិ​កម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​អនុញ្ញាត​ឲ្យ​តួអង្គ​ពាក់ព័ន្ធ​អាច​ចូលទៅ​ប្រើប្រាស់ ធ្វើតេស្ត និង​សហការគ្នា​ ក្នុង​ការបង្កើត​នវានុវត្តន៍​ថ្មីៗ​ដោយ​ប្រើ​គំរូ “សាកល្បង និង​រៀនសូត្រ – Test and Learn#។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

អនុប្រធាន​សមាគម​ធុរកិច្ច​បង្កើត​ថ្មី​អ៊ីនធឺណិត​កម្ពុជា (CISA) លោកម៉ក់ ចំរើនបាន​ស្វាគមន៍​ចំពោះ​ការបោះ​ជំហាន​ដ៏​ល្អ ​របស់​រដ្ឋាភិបាល​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​ នៃ​បរិយាកាស​អាជីវកម្ម ​ឆ្ពោះទៅរក​ទំនើបកម្ម​នៃ​វិធីសាស្ត្រ​ឌីជីថល និង​នវានុវត្តន៍​។​

លោកបានបញ្ជាក់ថា “​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ភាពជា​អ្នកដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​កំពុង​ព្យាយាម​លើក​កម្ពស់​សេដ្ឋកិច្ច​ ឌីជីថល​កម្ពុជា​របស់​យើង​១កម្រិត​ទៀត”។

ក្រសួង​សេដ្ឋកិច្ច​បានឱ្យដឹង​ទៀតថា សាធារណជន ជាពិសេស​អ្នក​អភិវឌ្ឍ​ន៍កម្មវិធី​អាចធ្វើ​ការពិសោធ​ដោយផ្ទាល់ និង​សិក្សា​ឱ្យបាន​កាន់តែ​ច្បាស់លាស់ និង​ស៊ីជម្រៅ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា ព្រមទាំង​ដើម្បី​កាត់បន្ថយ​ហានិភ័យ ឲ្យ​ស្ថិតក្នុង​កម្រិត​អប្បបរមា​ពី​បច្ចេកវិទ្យា​ថ្មីៗ តាមរយៈ​ការប្រើប្រាស់​ថ្នាល​នេះ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here