មេដឹកនាំកម្ពុជា វៀតណាមឯកភាពឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ឯកភាព​គ្នា​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​ខេត្ត​ផ្សេងៗ ឬ​ពី​ទីក្រុងធំៗ​ទៅ​កាន់​គ្នា​ទៅវិញ​ទៅមក និង​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំង ២ តាម​ផ្លូវ​គោក​ផងដែរ។

ការ​ឯកភាព​គ្នា​នេះ​ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋ​មន្ត្រី​វៀតណាម នាថ្ងៃទី៨ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្នុង​ឱកាស​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ២ថ្ងៃ ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា។

លោកអ៊ាង សុផល្លែត ជំនួយ​ការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា ថ្នាក់ដឹកនាំ​កំពូល​ទាំង​២ បាន​ឯកភាព​គ្នា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​មិត្តភាព ​រវាង​ប្រទេស​ទាំង២ ជាពិសេស លើ​វិស័យ​សេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ភាគី​ទាំង២បាន​ឯកភាព​គ្នា ​បន្ត​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២ ទាំង​យុវជន ទាំង​ប្រជាជន​នៃ​ប្រទេស​ទាំង២ ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង២ ទាំង​ផ្នែកទន់ ទាំង​ផ្នែករឹង។

លោកអ៊ាង សុផល្លែត បន្តថា ថ្នាក់​ដឹកនាំ​ទាំង​២ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន ​រវាង​ប្រទេស​ទាំង២ តាម​រយៈការពង្រឹង​ពាណិ​ជ្ជកម្ម​តាម​ព្រំដែន​ផង និង​ពង្រីក​ឱ្យ​មាន​ទីផ្សារ និង​បើក​ច្រកតាម​ព្រំដែន ដើម្បី​ឱ្យ​មាន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង២ផង។

លោកបញ្ជាក់ថា “លើសពី​នោះ​ទៀត ក៏​មាន​ការ​ឯកភាព​គ្នា​រវាង​ថ្នាក់ដឹក​នាំ​ទាំង២ ជំរុញ​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំង២ ទាំង​តាម​ផ្លូវគោក ទាំង​តាម​ផ្លូវ​អាកាស ​តាម​រយៈការ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់ ​ពី​ខេត្ត​ផ្សេងៗ ឬ​ពី​ទីក្រុងធំៗ​ទៅ​កាន់​គ្នា​ទៅវិញទៅមក។ ក្នុង​នោះ ក៏​មាន​ការ​ឯកភាព​គ្នា​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ខ្លាំង ​ទៅ​លើ​វិស័យ​ឌីជីថល និង​ជាពិសេស​លើ​វិស័យ​ដទៃ​ទៀត៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here