ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ នាថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីជំនួបទ្វេភាគី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឯកសារទី១ គឺអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្មដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។
ទី២ គឺ MoU រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ ទី ៣ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន រវាងប្រទេសទាំង២។
ទី ៤ គឺកិច្ចអនុវត្តរួមគ្នារវាងប្រទេសទាំង២ស្តីពី កិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខ័ណ្ឌនៃមាត្រា៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលម្អិតស្តីពី បទប្បញ្ញត្តិជាក់លាក់នៃក្រមគយ របស់សហភាព សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
ទី៥ គឺកិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា -វៀតណាមស្ដីពី កិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នា អនុលោមតាមផ្នែក ១៨ (៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
ទី៦ MoU រវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមនៃប្រទេសវៀតណាមស្ដីពី កិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំ ២០២២-២០២៥។ ទី៧ MoUរវាងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាមស្ដីពី ការធ្វើសហប្រតិបត្តិការ លើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។
ទី៨ MoU ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនាកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃប្រទេសវៀតណាម។ ទី៩ MoU រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាមស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ។
ទី១០ MoU ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែក នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម និងទី១១MoU រវាងក្រុមហ៊ុនវៀតថល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក Pham Minh Chinh មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា។
លោកក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញដែលគ្រោងនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ផងដែរ៕