រយៈពេល៩ខែឆ្នាំនេះ ក្រសួងរ៉ែប្រមូលចំណូលអាជីវកម្មខ្សាច់ជាង១៣លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ។

ការបញ្ជាក់ឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៊ឹង ឌីប៉ូឡា អញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបែបបទនីតិវិធី និងលក្ខខណ្ឌនៃការស្នើសុំ ការបន្ត និងការផ្ទេរសិទ្ធិ អាជ្ញាបណ្ណ អណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម សម្រាប់អាជីវកម្មរ៉ែខ្សាច់សំណង់ ដីល្បាយខ្សាច់ និងក្រួសពីប្រភពទន្លេ ស្ទឹង ព្រែក បឹង អូរ និងសមុទ្រ នៅទីស្ដីក្រសួងរ៉ែ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា “ជំរុញការកៀរគរ ការប្រមូលចំណូលពីអាជីវកម្មខ្សាច់ឱ្យទទួលបានលទ្ធផលល្អ ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ យើងទទួលបានចំណូលពីសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ចំនួន១៣.៤២២.៣៧៦ដុល្លារ ក្នុងនោះខ្សាច់នាំចេញទៅក្រៅប្រទេសចំនួន៤.១៧៧.៩៥១ដុល្លារ”។

លោកជំរុញឱ្យប្រធានមន្ទីរពាក់ព័ន្ធ ក្រោយពីទទួលបានការយល់ដឹងអំពីនីតិវិធីថ្មី សូមធ្វើការផ្សព្វផ្សាយ ជូនដល់ក្រុមហ៊ុន សហគ្រាស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យយល់អំពីការងារពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here