សម្ដេចតេជោៈវិស័យទេសចរណ៍ដើរតួនាទីកាន់តែចាំបាច់នៅក្នុង ការជម្រុញកំណើន​សេដ្ឋកិច្ច

    ដោយៈ លក្ខិណា

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ឆ្លងកាត់វិបត្តិកូវីដ១៩រយៈពេល២ឆ្នាំកន្លងមកនេះ តួនាទី នៃវិស័យទេសចរណ៍ត្រូវបានមើលឃើញថា កាន់តែមានភាពចាំបាច់ក្នុ​ងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ជាពិសេ​សតួនាទីដ៏សំខាន់ ក្នុងការក្នុងការពង្រឹងទំនាក់ទំនង រវាងប្រជាជាតិនិងប្រជាតិ ។

សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក(ACMECS) និងប្រទេសCLMVនាព្រឹកថ្ងៃទី២ វិច្ឆិកានេះ។ សម្តេចបន្តថា ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរអេកម៉ិក និងCLMV ទាំងពេលបច្ចុប្បន្ននិងអនាគត សម្ដេចបានចែករំលែកនូវការគិតគូរមួយចំនួនដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ដូចជា ទី១. អេកម៉ិកនិងCLMV គួរបង្កើនកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឱ្យគ្នាទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ១៩។

ក្នុងន័យនេះប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ជនបទ  ដែលរួមមានទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង កសិទេសចរណ៍ ទេសចរណ៍សុខុមាលភាព ទេសច​រណ៍ម្ហូបអាហារជាដើម ដែលទាំងនេះជាតម្រូវការទេសចរណ៍ កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ ដល់ការរីកចម្រើននៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះផងដែរ អេកម៉ិក និងCLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិ​បត្តិការជួយគាំទ្រសហគ្រាសធនតូចបំផុត តូចនិងមធ្យម ឱ្យក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពធន់និងចីរភាព ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិកនិងCLMV គួរជំរុញការផ្លាស់ប្តូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថល ក្នុងវិស័យ​ទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។

ទី៣. អេកម៉ិក និងCLMV គួរគិតគូរលំហូរទេសចរណ៍ផ្ទៃក្នុង តំបន់អាម៉ិក( ACMECS-Intra Traveler ) និងលំហូរទេសចរផ្ទៃក្នុងតំបន់CLMV ដោយត្រូវគិតគូរផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកបន្ថែមទៀត ព្រមទាំងជំរុញទេសចរបើកបរដោយខ្លួនឯង។ ទី៤ ដើម្បីសម្របសម្រួល ការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និងCLMV ដែលបានដាក់ចុះ សម្ដេចសូមគាំទ្រនូវការគិតគូរ បង្កើតឱ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និងCLMV ដែលអាចជាលេខាធិការដ្ឋានឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្ដីរីករាយក ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ។

នៅក្នុងវិបត្តិកូវីដ១៩ កម្ពុជាបានបាត់ចំណូលរាប់ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here