ពាណិជ្ជកម្មកម្ពុជានិងRCEPមានទំហំជាង២៤ពាន់លានដុល្លារក្នុងរយៈពេល៩ខែឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ទំហំពាណិជ្ជរបស់កម្ពុជា និងតំបន់ RCEP (Regional Comprehensive Economic Partnership) ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់២៤ពាន់លានដុល្លារ កើនឡើង១១ភាគរយ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជានាំចេញទៅកាន់តំបន់ RCEP មានចំនួន៤ពាន់លានដុល្លារ កើនឡើង៦ភាគរយ។ ចំណែក RCEP បាននាំចូលមកកាន់កម្ពុជាមានចំនួន១៩.៣៦៣លានដុល្លារ កើនឡើងចំនួន១២ភាគរយ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ក្នុងសន្និសិទ្ធសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះថា ការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់ RCEP បានកើនឡើងគួរឱ្យកត់សំគាល់ ក្នុងនោះរួមមាន ការកើនឡើងលើពាណិជ្ជកម្មទំនិញ ដោយសារតែប្រទេសកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់ គ្រឿងបង្គុំ ការនាំចេញកាបូបធ្វើដំណើរ ព្រមទាំងផលិតផលកសិកម្មមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ដថា ដោយសារកម្ពុជាជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ និងអនុវត្តន៍ខ្ជាប់ខ្ជួនលើវិធានប្រភពដើមទំនិញ សម្រាប់ទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក និងជាទីផ្សារួមរវាងអាស៊ាន និងអាស៊ាន ដូច្នេះនៅពេល RCEP ចូលជាធរមានវិធានប្រភពដើមទំនិញនេះ បានសម្រួលនូវការប្រតិបត្តិ និងជំរុញផលិតកម្មឲ្យកើនឡើង។

លោកបានបញ្ជាក់ថា “RCEP មានទីផ្សារ៣ធំៗ រួមមាន ទីផ្សារចិន ជប៉ុន-កូរ៉េ និងអូស្រ្ដាលី-ញូសាលែន ដូច្នេះបានជាមានឈ្មោះកិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងដែលមានទំហំធំ ដូច្នេះហើយនៅពេលកម្ពុជា ក្លាយជាចំណែកមួយនៃកិច្ចព្រមព្រៀងនេះច្បាស់ណាស់ថា កម្ពុជានឹងទទួលបានផលប្រយោជន៍ជាអតិបរិមា ពីពាណិជ្ជកម្មទំនិញនៃទីផ្សារ RCEP នេះ”៕

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២.២០០លាននាក់ ឬ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here