ប្រទេសវៀតណាមរកប្រាក់ចំណូលបានជាង៥០ពាន់លានដុល្លារពីការនាំចេញទូរសព្ទនិងគ្រឿងបន្លាស់

ដោយ: លាងហួរ

ហាណូយ: យោងតាមការិយាល័យស្ថិតិទូទៅ របស់ប្រទេសវៀតណាមបានបង្ហាញថា ប្រទេសវៀតណាមបង្កើតប្រាក់ចំណូលបានជាង៥០,១ពាន់លានដុល្លារអាមេរិក ពីការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២២នេះ។

ចំនួនប្រាក់ចំណូលពីការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់នេះ មានច្រើនជាង១៦ភាគរយនៃប្រាក់ចំណូលពីការនាំចេញសរុប របស់ប្រទេសវៀតណាម និងកើនឡើង៧,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិន Xinhua នាថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងប្រាក់ចំណូល ទំនិញប្រភេទទូរសព្ទ និងគ្រឿងបន្លាស់បានបន្តជាមុខទំនិញនាំចេញធំជាងគេ របស់ប្រទេសវៀតណាម បន្ទាប់មក គឺកុំព្យូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិច ព្រមទាំងសម្លៀកបំពាក់ និងវាយនភណ្ឌផងដែរ។

នៅចន្លោះខែមករា ដល់ខែតុលា ប្រទេសវៀតណាមក៏បានចំណាយប្រាក់ជាង១៧,៧ពាន់លានដុល្លារ សម្រាប់ការនាំចូលទូរសព្ទ និងគ្រឿងបន្លាស់ ពោលគឺកើនឡើង៥,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមការិយាល័យស្ថិតិនេះ បានឱ្យដឹងថា កាលពីឆ្នាំ២០២១កន្លងទៅ ប្រទេសវៀតណាមរកចំណូលបានជាង ៥៧,៥ពាន់លានដុល្លារពីការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ ភាគច្រើនទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពោលគឺកើនឡើង១២,៤ភាគរយធៀបនឹងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here