ប្រទេសកម្ពុជាគ្រោងបង្កើនការលក់ឥណទានកាបូនឱ្យកើនដល់៣លានហិកតាក្នុងឆ្នាំ២០២២នេះ

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២នេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូនពី១លានហិកតា ទៅជិត៣លា​ន​ហិក​តា ដើម្បីយកថវិកាមកប្រើប្រាស់ក្នុងការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន។

នេះបើយោងតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុ​ងសន្និបាតបូកស​រុ​ប​​លទ្ធ​ផល​ការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា “ឆ្នាំ២០២២នេះ គឺជារបត់ថ្មីមួយ​ដែលកម្ពុជារប​ស់យើងបាន​ទទួល​ចំណូ​ល ពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន ដែលការលក់ឥណទា​នកាបូន​នេះ​គឺចាប់តាំង​ពី​ឆ្នាំ​២​០១៦ មក ហើយផ្ទៃដីនៃការលក់ឥណទានកាបូននេះ គឺនឹងបង្កើនឡើងពី១លានហិកតា ទៅជិត​៣​លាន​ហិក​តា ដែល​ស្មើ​ប្រមាណជាង៣០%នៃផ្ទៃដីអភិរក្សនៃប្រទេសកម្ពុជារបស់យើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស ធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុ​ងនោះ រួមមានការផ្តល់​ជម្រើសថ្មី និងកែ​ប្រែជីវភាព ព្រមទាំងការប​ណ្តុះបណ្តា​លស​ហ​គមន៍ និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅ​ទស្សនា​កម្សាន្តនៅក្នុងតំបន់សហ​គមន៍​របស់ពលរដ្ឋផងដែរ។

ប្រទេសកម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងបរិស្ថានបានចាត់ទុកថាការលក់ឥណទានកាបូននេះ ជាមោទនភាព មួយសម្រាប់កម្ពុជា ហើយនេះជាជោគជ័​យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here