មន្ត្រីជាន់ខ្ពស់៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េនឹងជួយលើកគុណតម្លៃទំនិញកម្ពុជាលើទីផ្សារអន្តរជាតិ

ដោយ៖ សុផារិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ​នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ​និងចូលរួមស្ដារ​សេដ្ឋកិច្ចឡើងវិញ ​បន្ទាប់ពីរងគ្រោះដោយតែវិបត្តិកូវីដ-១៩​ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា ក្រៅពី​ជំរុញការនាំចេញទំនិញរបស់កម្ពុជាបន្ថែម ពីលើកិច្ចព្រមព្រៀង RCEP ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនឹងជួយលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ ​ដែលទៅថ្ងៃខាងមុខនឹងផ្តល់នូវភាពងាយស្រួលដល់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត​ ខណៈកម្ពុជាកំពុងអភិវឌ្ឍខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រ នៅលើសាកលលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ​“តាមរយៈកិច្ចព្រមព្រៀង RCEP កូរ៉េបានផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការនាំចេញរបស់កម្ពុជាស្ទើរតែអស់ហើយ ប៉ុន្តែកាលណាកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន ជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេស ដែលមានការអភិវឌ្ឍដូចជាកូរ៉េ ចិន ជប៉ុន គឺជាសញ្ញាមួយដែលបង្ហាញភាពវិជ្ជមានដល់​ទំនិញកម្ពុជា”។

យោងតាមអ្នកនាំពាក្យរូបនេះ ទីផ្សារជប៉ុន និងទីផ្សារកូរ៉េ ទទួលស្គាល់នូវទំនិញ ដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារ ហេតុនេះបើនាំចេញទៅជប៉ុន និងកូរ៉េបាន ​ឬប្រទេសដែលមានកម្រិតទទួលស្គាល់ខ្ពស់បាន ករណីដូចជាទំនិញសម្លៀកបំពាក់កាត់ដេរ យើងចង់នាំទៅណាទៀតក៏បានដែរ ហើយទន្ទឹមនឹងនេះ យើងកំពុងអភិវឌ្ឍប្រែក្លាយខ្លួនយើង ទៅជាប្រទេសផលិតគ្រឿងបង្គុំ តាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម យើងចង់បង្កើតបណ្តុំឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ នូវគ្រឿងបន្លាស់ និងគ្រឿងបង្គុំឱ្យទៅរោងចក្រធំៗលើសាកលលោក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង មានតម្លៃជាង៦០០លានដុល្លារ កើនឡើង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃ១៧៥លានដុល្លារ កើនឡើង២១% និងនាំទំនិញពីកូរ៉េមកវិញក្នុងតម្លៃ៤២៦លានដុល្លារ ថយចុះ៣%។

​ការចរចាកិច្ចព្រមព្រៀង CKFTA នេះជាគំនិតផ្តួចផ្តើមរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមកកាន់​កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here