ការសិក្សាអន្តរជាតិ៖ ការអនុវត្តអាសិបពេញលេញនឹងបង្កើនទំហំពាណិជ្ជកម្ម៤០ពាន់លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ ការសិក្សារបស់វិទ្យាស្ថាន ERIA បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងអាចបង្កើនទំហំពាណិជ្ជកម្មសម្រាប់ប្រទេសក្នុងតំបន់បានប្រមាណ៤០ពាន់លានដុល្លារអាមេរិក។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិតបីឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នវានុវត្តន៍ ដែលកំពុងតែលូតលាស់យ៉ាងរហ័ស ជាពិសេសតំបន់អាស៊ីបូព៌ា ដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក។

សម្តេចតេជោបានបន្តថា ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញនឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ពាន់លានដុល្លារអាមេរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្ម ក្នុងចំណោមសមាជិកអាសិប១២,៣ភាគរយ។

ការសិក្សារបស់វិទ្យាស្ថាន ERIA ក៏បានឱ្យដឹងថា RCEP ក៏ជួយលើកកម្ពស់ការរស់នៅប្រជាជន២៧លាននាក់បន្ថែមទៀត ឱ្យចូលក្នុងក្រុមជន ដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរ សម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើន ប្រាក់ចំណូលសកល រហូតដល់២៦៣ពាន់លានដុល្លារអាមេរិក។

ការសិក្សានេះក៏ឱ្យដឹងទៀតថា សម្រាប់កម្ពុជា នៅដើមឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញថាផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២ភាគរយទៅ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤ភាគរយទៅ១៨ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២ភាគរយទៅ៦,២ភាគរយ និងចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២ភាគរយទៅ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួមអាចកើនឡើងប្រមាណ២៣,៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here