តម្លៃឧស្ម័ននៅប្រទេសអាល្លឺម៉ង់បានហក់ឡើង១៨ភាគរយ

ដោយ: លាងហួរ

អឺរ៉ុប: ការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា តម្លៃឧស្ម័នក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង១៨ភាគរយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២។ នេះបើធៀបនឹងឆមាសទី២នៃឆ្នាំ២០២១។

ទិន្នន័យពីការិយាល័យស្ថិតិDestatis បានកត់សម្គាល់ថា តម្លៃនៅលើទីផ្សារថាមពលបច្ចុប្បន្ននេះ កំពុងជះផលប៉ះពាល់កាន់តែខ្លាំងឡើង លើគ្រួសារឯកជន។

ទិន្នន័យដដែលនេះបានបង្ហាញថា ដោយសារតែមានកិច្ចសន្យារយៈពេលវែងសម្រាប់អ្នកប្រើប្រាស់ តម្លៃថាមពលសម្រាប់គ្រួសារ មិនហក់ឡើងលឿន ដូចតម្លៃថាមពលរបស់អាជីវកម្មអាល្លឺម៉ង់ និងវិស័យសាធារណៈនោះទេ ដែលតម្លៃឧស្ម័នបានកើនឡើង៣៩ភាគរយ បើធៀបនឹងឆមាសទីពីរកាលពីឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ តម្លៃថាមពលសរុបនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានបន្តជះផលប៉ះពាល់យ៉ាងខ្លាំងលើអត្រាអតិផរណា។

នៅក្នុងខែតុលា អតិផរណានៅប្រទេសនេះ បានកើនឡើងដល់១០,៤ភាគរយ ដែលជាកម្រិតខ្ពស់បំផុត សម្រាប់ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមតួលេខបឋម។

ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃអតិផរណាលើអ្នកប្រើប្រាស់ និងក្រុមហ៊ុន  រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័ត លើកញ្ចប់ជំនួយចំនួន៣ក្នុងទំហំទឹកប្រាក់សរុបចំនួន៩៥ពាន់លានអឺរ៉ូ(៩៤ពាន់លានដុល្លារ)។

លើសពីនេះ “ឆ័ត្រការពារ” ដែលមានតម្លៃរហូតដល់២០០ពាន់លានអឺរ៉ូទើបតែត្រូវបានអនុម័ត ដើម្បីកំណត់តម្លៃអគ្គិសនី និងឧស្ម័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here