ដោយ: លាងហួរ
ប្រទេសឥណ្ឌា: ក្រុមមន្ត្រីបានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះថា ឱនភាពសារពើពន្ធសហព័ន្ធរបស់ប្រទេសឥណ្ឌា នៅក្នុងឆមាសទី១នៃឆ្នាំហិរញ្ញវត្ថុ រហូតដល់ខែកញ្ញាបានកើនឡើង រហូតដល់ ៦,២ពាន់ពាន់លានរូពី(៧៤,៩១ពាន់លានដុល្លារ)។
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយអគ្គនាយកគ្រប់គ្រងគណនីរបស់ក្រសួងហិរញ្ញវត្ថុសហព័ន្ធបានឱ្យដឹងថា ឱនភាពសារពើពន្ធរបស់រដ្ឋាភិបាលក្នុងអំឡុងខែមេសា ដល់ខែកញ្ញាឆ្នាំ ២០២២មានចំនួន៣៧,៣ភាគរយនៃការប៉ាន់ប្រមាណប្រចាំឆ្នាំ ដែលកើនឡើងពី ៣៥ភាគរយសម្រាប់រយៈពេលដូចគ្នានៃឆ្នាំ២០២១។
ប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាល រួមទាំងពន្ធមានចំនួន១២,០៤ពាន់ពាន់លានរូពី (១៤៥,៤ពាន់លានដុល្លារអាមេរិក) ឬ ៥២,៧ភាគរយនៃការប៉ាន់ប្រមាណថវិកា (BE)ក្នុងឆ្នាំហិរញ្ញវត្ថុ២០២២-២០២៣។
ចំណែកការចំណាយសរុបសម្រាប់រយៈពេល៦ខែដំបូង នៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នមានចំនួន១៨,២៤ពាន់ពាន់លានរូពី (២២០,៣ពាន់លានដុល្លារអាមេរិក)។
ប្រាក់ចំណូលពន្ធសុទ្ធបានកើនឡើងដល់ ១០,១២ពាន់ពាន់លានរូពី(១២២,២ពាន់លានដុល្លារអាមេរិក) ខណៈដែលប្រាក់ចំណូលមិនជាប់ពន្ធមានចំនួន១,៥៨ពាន់ពាន់លានរូពី(១៩ពាន់លានដុល្លារ)។
ឱនភាពប្រាក់ចំណូលមានចំនួន៣,១១ពាន់ពាន់លានរូពី (៣៧,៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹង៣១,៤ភាគរយ នៃគោលដៅថវិកាឆ្នាំហិរញ្ញវត្ថុ។
កាលពីខែកុម្ភៈកន្លងទៅ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហព័ន្ធ លោក Nirmala Sitharaman បានកំណត់គោលដៅឱនភាពសារពើពន្ធ នៅត្រឹម៦,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្នាំ២០២២-២០២៣ដោយរាប់ចាប់តាំងពីខែមេសាមកម៉្លេះ៕