សម្តេចតេជោៈរដ្ឋមន្រ្តីកសិកម្មមិនចាំបាច់ចេះជំនាញកសិកម្មទេ​តែត្រូវមានជំនាញភាពជាអ្នកដឹកនាំច្បាស់លាស់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឆ្លើយតប ចំពោះមតិមួយចំនួនដែលបានលើកឡើងអំពីការតែងតាំង រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោកឌិត ទីណាដែលជារដ្ឋមន្រ្តីគ្មានជំនាញកសិកម្ម ដោយ សម្តេចចាត់ទុកការលើកឡើងបែបនេះថា “ខ្វះការចេះដឹង”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងពិធីចែកសញ្ញាបត្រដល់ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ចប្រមាណ៦០០០នាក់នាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា វិស័យកសិកម្មមានច្រើន ហើយមិនមាននរណាម្នាក់ចេះ ពីកសិកម្មអស់នោះទេ ដូច្នេះការតែងតាំងរដ្ឋមន្ត្រីកសិកម្ម ពុំចាំបាច់ចេះជំនាញកសិកម្មឡើយ ប៉ុន្តែទាមទារតែងតាំងអ្នក ដែលមានភាពដឹកនាំច្បាស់លាស់ ចេះប្រើប្រាស់មន្ត្រីក្រោមឱវាទធ្វើការ និងដាក់ចេញនូវសកម្មភាពការងារបានល្អ។

សម្តេចតេជោហ៊ុន សែន បានលើកជាឧទាហរណ៍ជាក់ស្តែងថា ខ្លួនសម្តេចផ្ទាល់ ដឹកនាំប្រទេសមិនចេះជំនាញទាំងអស់នោះទេ ប៉ុន្តែអាចធ្វើឲ្យប្រទេសនេះមានភាពរីកចម្រើន និងអភិវឌ្ឍន៍។ សម្តេចបន្តថា សូម្បីតែវិស័យយោធា ក៏សម្តេចមិនចេះអស់នោះដែរ ក្នុងនោះទ័ពជើងគោកមានជំនាញច្រើនមុខ ដូចជាទ័ពថ្មើរជើង កាំភ្លើងធំ រថក្រោះ ការពារអាកាសជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “អ្នកខ្លះបានលើកជាមតិថា មន្ត្រីកសិកម្មមិនព្រមយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណាមកធ្វើរដ្ឋមន្ត្រី ជាការល្អហើយរដ្ឋមន្ត្រីកសិកម្ម គាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្មចេះអស់នៅ ស្អីខ្លះកសិកម្មនោះនិយាយឲ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងវាប្រដៅ រឿងពិត។សម្តេចបន្ថែមថា  កសិកម្ម មិនមែនតែដាំស្រូវមួយមុខទេ។ ដោយសារភាពច្រណែនឬអី បានជាអ្នកឯងចេញភាសានេះមក? អីចឹងជាការនិយាយចេញមកបង្ហាញពីការខ្វះភាពចេះដឹង អំពីអ្វីទៅដែលហៅថាភាពដឹកនាំនោះ

លោក ឌិត ទីណា ត្រូវបានតែងតាំងចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី លោកបានឆ្លើយតបនឹងការលើកឡើងមតិមួយចំនួនថា លោកមិនមានជំនាញខាងផ្នែកកសិកម្ម ប៉ុន្ដែមកដឹកនាំជារដ្ឋមន្ដ្រីកសិកម្មថា “ជាការមើលវិស័យកសិកម្ម មិនពេញលេញ

សម្តេចបានផ្តាំដល់អ្នកវិភាគ និងអ្នកដែលលើកឡើងពីការតែងតាំងរដ្ឋមន្ត្រីកសិកម្ម កុំទាន់វាយតម្លៃរហ័សពេក។

ក្នុងតំណែងជារដ្ឋមន្ត្រីកសិកម្ម លោកឌិត ទីណាបានប្ដេជ្ញាចិត្ដបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា និងនាំកសិកម្មកម្ពុជាឲ្យក្លាយជាកសិក​ម្ម​ទំនើប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here